តួគីនាពេលថ្មីនេះ បានចេញមកហាមឃាត់ប្រជាជនពីប្រទេស អ៊ីរ៉ាក់ ស៊ីរី និងយេមែន មិនឱ្យធ្វើដំណើរពីព្រលានយន្តហោះប្រទេសតួគីទៅកាន់ព្រលានយន្តហោះប្រទេសបេឡារុសឡើយ។ នេះបើតាមការបញ្ជាក់អំពីអាជ្ញាធរផ្នែកអាកាសចរណ៍ស៊ីវិលរបស់តួគី។
ដោយសម្អាងទៅលើហេតុផលច្បាប់ពីការឆ្លងដែនខុសច្បាប់រវាងសហភាពអឺរ៉ុប និងប្រទេសបេឡារុស គេសង្កេតឃើញថាប្រទេសតួគីបានចេញមកសម្រេចមិនឱ្យប្រជាជនរបស់ប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេមែនដែលចង់ធ្វើដំណើរចេញពីព្រលានយន្តហោះប្រទេសតួគី ទៅកាន់ប្រទេសបេឡារុស នឹងមិនត្រូវបានអនុញ្ញាតឱ្យទិញសំបុត្រ និងធ្វើដំណើរជាដាក់ខាត។ ការហាមឃាត់នេះរហូតមានការបញ្ជាក់សារជាថ្មីឡើងវិញពីសំណាករដ្ឋាភិបាលប្រទេសតួគី។
មែនទែនទៅ ការសម្រេចរបស់តួគីខាងដើមនេះ ធ្វើឡើងចំពេលដែលភាពតានតឹងរវាងប្រទេសបេឡារុស និងសហភាពអឺរ៉ុបបានឈានដល់ចំណុចកំពូលមួយ គឺវិបត្តិជនអន្តោប្រវេសន្ត៍ដែលបានកំពុងបន្តការឆ្លងដែនទៅកាន់ប្រទេសប៉ូឡូញដោយខុសច្បាប់។
ជាក់ស្តែង ក្រុមហ៊ុនយន្តហោះតួគីដែលនាពេលកន្លងបានធ្វើដំណើរទៅកាន់ប្រទេសបេឡារុសភ្លាមៗក៏បានបញ្ជាក់ថា ខ្លួននឹងបិទជើងហោះហើរមិនឱ្យមានការឆ្លងដែនរបស់ជនអន្តោប្រវេសន្ត៍តាមផ្លូវអាកាសទៀតនោះទេ។
បើតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍តួគីនៅថ្ងៃសុក្រនេះបានអះអាងថា៖«ក្រុមហ៊ុនរបស់ខ្លួននឹងធ្វើឱ្យប្រាកដពីការអនុវត្តនូវវិធានការសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីអន្តរជាតិ ចំពោះការធ្វើប្រតិបត្តិការជើងហោះហើរជាមួយទិសដៅរបស់ពិភពលោក។ប៉ុន្តែយ៉ាងណា ក្រុមហ៊ុនបានបដិសេធថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនមិនបានដឹកជនអន្តោប្រវេសន្ត៍ទៅកាន់ប្រទេសបេឡារុសនោះទេចំពោះដែលវិបត្តិជនអន្តោប្រវេសន្ត៍កំពុងកើនឡើងខ្លាំង។»
ជាការកត់សម្គាល់ សម្រាប់ប្រទេសប៉ូឡូញ និងសហភាពអឺរ៉ុបដូចជាមិនបានចោទប្រកាន់ទៅកាន់លើប្រធានាធិបតីបេឡារុសលោក អេឡិចហ្សិនឌឺ ឡូកាស សេនកូ ចំពោះការព្យាយាមសងសឹកមកកាន់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដោយបញ្ចូនឱ្យជនអន្តោប្រវេសន្ត៍ទៅកាន់ច្រកព្រំដែនប្រទេសប៉ូឡូញនោះទេ។
ប៉ុន្តែទោះបីគ្មានការចោទប្រកាន់ពីសហភាពអឺរ៉ុប គេសង្កេតឃើញថា អង្គការណាតូនិងសហភាពអឺរ៉ុបបានចាត់ទុកឥរិយាបថរបស់លោកសេនកូ ថាគឺកំពុងបង្កឱ្យមានអស្ថិរភាព និងធ្វើឱ្យមានបញ្ហាអសន្តិសុខចំពោះបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុបតាមរយៈមធ្យោបាយគ្មានសព្វាវុធ។
ក្នុងនោះ បើតាមការប៉ាន់ស្មានកាលពីអំឡុងខែតុលាកន្លងទៅ ជនអន្តោប្រវេសន្ត៍ប្រមាណ៦ពាន់នាក់ ភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ស៊ីរី បានព្យាយាមលួចចូលទៅកាន់សហភាពអឺរ៉ុបតាមរយៈច្រកព្រំដែនរបស់ប្រទេសបេឡារុស និងសហភាពអឺរ៉ុប ខណៈចំនួននេះបានកើនឡើងច្រើនជាងឆ្នាំទៅ ប្រមាណ១៥០នាក់៕ ប្រភព៖ AA News