ភ្នំពេញ៖ បើទោះបីជាពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ជួបនិងវិបិត្តិជំងឺកូវីដ១៩ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរយ៉ាងក៏ដោយ ក៏វិស័យធានារ៉ាប់រងអាយុជីរិតនៅកម្ពុជា នៅបន្តជំហូរដោះស្រាយ និងដើរតួនាទីផ្តល់សេវាកម្មដល់ប្រជាជនកមម្ពុជា សម្រាប់បុគ្គល និងក្រុមហ៊ុននានា ដោយជាក់ស្តែង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីរិត អេ អាយ អេ បានចុះកិច្ចព្រមព្រៀងជាមួយនិងធនាគារកម្ពុជាសាធារណៈ បន្តភាពជាដៃគូនេះ ដើម្បីជួយអតិថិជននៅកម្ពុជា។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីរិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) និងធនាគារកម្ពុជាសាធារណៈ បន្តភាពជាដៃគូអាជីវកម្ម ប៊េងកាសួរេន ដើម្បីជួយ ឲ្យមានកំណើនការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជា ក៏ដូចជាការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរយៈពេលវែង និងកាន់តែទូលំទូលាយជូនអតិថិជន។ ការបន្តភាពជាដៃគូនេះ អតិថិជនរបស់ធនាគារកម្ពុជាសាធារណៈ អាចបន្តទទួលបានផលិតផលធានារ៉ាប់រង និងការប្រឹក្សារបស់ អេ អាយ អេ ខេមបូឌា កាន់តែងាយស្រួល រួមជាមួយការផ្តល់ជូនពិសេសនានា និងសេវាកម្មល្អៗជាច្រើន ពីក្រុមហ៊ុនទាំងពីរនេះ។ ភាពជាដៃគូនេះដើរតួនាទីជាកន្លែងផ្តល់សេវាកម្មសម្រាប់បុគ្គល និងក្រុមហ៊ុននានាក្នុងការទទួលបានទាំងសេវាកម្មធនាគារដែលមានគុណភាពខ្ពស់ និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលស្របតម្រូវការហិរញ្ញវត្ថុរបស់ពួកគេនៅកន្លែងតែមួយ។
ពិធីចុះហត្ថលេខា បានរៀបចំធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងសងខាង រួមនិងអតិថិជនបួននាក់ដំបូងផងដែរ។ អតិថិជនទាំងបួននាក់បានសម្តែងនូវភាពសប្បាយរីករាយ និងការពេញចិត្តជាខ្លាំងក្នុងការទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ហើយបន្តការប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។
ក្នុងពិធីចុះហត្ថលេខានេះ លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “ភាពជាដៃគូរបស់យើងមិនត្រឹមតែពង្រឹងការប្តេជ្ញាចិត្តចំពោះអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យយើងពង្រឹងការខិតខំប្រឹងប្រែងរបស់យើងដើម្បីជួយប្រជាជនកម្ពុជាឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរឡើង។ សូមអរគុណដល់ធនាគារកម្ពុជាសាធារណៈ ហើយឥឡូវនេះយើងមានជំហរកាន់តែរឹងមាំក្នុងការផ្សព្វផ្សាយអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត និងផ្តល់ជូនវេទិកាហិរញ្ញវត្ថុដ៏មានអត្ថប្រយោជន៍ ដើម្បីការពារសុខុមាលភាពនាពេលអនាគតរបស់ប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើន។”
លោក Ong Ming Teck អគ្គនាយកប្រតិបត្តិនៃធនាគារកម្ពុជាសាធារណៈ មានប្រសាសន៍ថា “កិច្ចសហការរបស់យើងជាមួយ អេ អាយ អេ ខេមបូឌា នឹងបំពេញបន្ថែមនូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ងាយស្រួល និងទូលំទូលាយ។ ធនាគារកម្ពុជាសាធារណៈ ផ្តោតការយកចិត្តទុកដាក់ជាខ្លាំងទៅលើសេវាកម្មជូនអតិថិជន ហើយយើងនឹងបន្តផ្តល់សេវាកម្ម ក៏ដូចជាផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលស្របតាមតម្រូវការអតិថិជនរបស់យើង។ ការបន្តភាពជាដៃគូនេះ នឹងជួយអតិថិជនបំពេញតម្រូវការសន្សំ និងការការពារបន្ថែមទៀត។”
ដើម្បីធ្វើឲ្យភាពជាដៃគូនេះកាន់តែមានអត្ថន័យ អេ អាយ អេ ខេមបូឌា និងធនាគារកម្ពុជាសាធារណៈ នឹងចូលរួមថវិកាសរុប $10,000 ដល់យុទ្ធនាការ Fit for Hope របស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ទូទាំងប្រទេស និងជារៀងរាល់ខែតុលា៕