Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិអាយុជាង ២០០ ឆ្នាំបើកដំណើរការនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Chestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានប្រកាស​បើកដំណើរការនៅកម្ពុជា​​ចាប់ពីឆ្នាំ ២០២២ តទៅ ដោយបញ្ជាក់ថា​កម្ពុជា​ជាទីផ្សារ «គន្លឹះ, រីកចម្រើនខ្លាំង» ស្របតាម​យុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់​អាស៊ី​។ ​

ក្រុមហ៊ុនលំដាប់អន្តរជាតិដែលមានអាយុកាល ២១៦ ឆ្នាំនេះ បានដាក់បញ្ចូលប្រតិបត្តិការនៅកម្ពុជាទៅក្នុងបណ្តាញកម្រិតអន្តរជាតិ​ជាង ១០០ ការិយាល័យ​របស់ខ្លួន ​តាមរយៈការទិញយកប្រតិបត្តិការក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ 

ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារចំនួន ៥៥ នាក់នៅជំហ៊ានដំបូង ហើយ​ត្រូវដឹកនាំដោយលោក ជី មាត​ ដើម្បី​ផ្តល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជ​កម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវា​គ្រប់គ្រងអចលនទ្រព្យ។

លោក Salah Mussa ប្រធានក្រុមហ៊ុន Chestertons បញ្ជាក់ថា៖«យើងមានសេចក្តីសោមនស្សក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជា​ក្រុមហ៊ុនមាន​​ការរីកធំធាត់​ជាដរាប។ ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេនៃសមាជិក Franchise របស់យើង នឹងទទួលបានប្រយោជន៍ជាច្រើនពីបណ្តាញដ៏ទូលំទូលាយ និងប្រកបដោយជំនាញរបស់យើង រួមទាំងប្រយោជន៍ពី​ម៉ាកយីហោក្រុមហ៊ុន Chestertons ដែលល្បីល្បាញកម្រិតអន្តរជាតិ»។

លោក Salah Mussa អះអាងថា៖«ការផ្តោតជាសំខាន់​របស់ក្រុមការងារ​លើសេវាកម្មគ្រប់គ្រងអចលនទ្រព្យបង្ហាញពី​ជំនាញ និងធនធានសម្បូរបែប​របស់យើង។ ការដាក់គោលដៅខ្ពស់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការងារគឺជាគុណសម្បត្តិដ៏ល្អដើម្បីឲ្យ​យើង​បំពេញការងារបានយ៉ាងប្រសើរ​»។

លោក Salah Mussa បញ្ជាក់ថា៖ «នៅជាង ១២ ខែចុងក្រោយនេះ យើងបានបង្ហាញខ្លួនដោយបើកដំណើរការទីផ្សារថ្មីចំនួន ៧ ដែលគិតមកទល់ពេលនេះយើងបើកដំណើរការចំនួន ១៥ ប្រទេសជុំ​វិញពិភពលោក។ យើងនឹងមិនសម្រាកត្រឹមប៉ុនហ្នឹងទេ យើងសង្ឃឹមថានឹងបន្តដំណើរដ៏អស្ចារ្យនេះដោយពង្រីកខ្លួនបន្តទៀតទៅកាន់​ពិភពលោកនៅឆ្នាំ ២០២២ និងឆ្នាំក្រោយៗទៀត»។

យោងតាម​សេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនអចលនទ្រព្យ Chestertons បានបង្ហាញពីផែនការបន្ទាប់នៃការពង្រីកខ្លួន ដោយដាក់​ការិយាល័យថ្មីៗបន្ថែមទៀត​នៅតំបន់អាស៊ី និងពង្រឹងប្រតិបត្តិការសេវាអចលនទ្រព្យលំនៅដ្ឋានដែលមានស្រាប់​នៅទីក្រុង​ឌូបៃ ដែលជាទីក្រុងពាណិជ្ជកម្ម​​នៅប្រទេស​អេ​មីរ៉ាត់អារ៉ាប់រួម៕

×