ភ្នំពេញ ៖ មន្ត្រីគយនៅខេត្តកោះកុងបានបង្ហើបឲ្យដឹងថា លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ប្រកាន់បក្ខពួក និងឃុបឃិតជាមួយក្រុមមេឈ្មួញធំៗ ប្រព្រឹត្តអំពើពុករលួយក្នុងការនាំទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកកំពង់ផែ ជាច្រើនកន្លែង និងច្រកផ្លូវគោក ក្នុងខេត្តកោះកុង បង់ពន្ធត្រឹមតែ ៣៥ ទៅ ៤០ភាគរយប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថា ក្រុមមេឈ្មួញធំៗមួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង គឺពួកគេបង់ពន្ធតាមរបៀបម៉ៅការ ហើយអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់យ៉ាងរលូនដោយគ្មានការរំខានឡើយ។
មន្ត្រីគយបានបន្តទៀតថា លោក សំ កុសល កាន់តំណែងយូរឆ្នាំមកហើយ និងមានរឿងអាស្រូវជាច្រើន និងជាពិសេសការដឹកនាំរបស់លោកសំ កុសល បានធ្វើឲ្យមន្ត្រីមួយចំនួនមានការមិនសប្បាយចិត្ត ដោយសារតែប្រកាន់បក្ខពួកនិយម និងអាងអំណាចថ្នាក់លើមួយចំនួនធ្វើជាខ្នងបង្អែក ហេតុនេះហើយបានជាធ្វើអ្វីស្រេចតែចិត្តមិនស្តាប់មន្ត្រីក្រោមឱវាទ។ បើគ្មានខ្នងបង្អែកនោះទេ គឺលោក សំ កុសល មិនអាចរក្សាតំណែងឡើងដុះស្លែ ហើយប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួលបានឡើយ។

ក្រុមមន្ត្រីគយមួយចំនួនបានសំណូមពរដល់លោក គុណ ញឹម អគ្គនាយកគយ គួរតែធ្វើការពិនិត្យស្រាវជ្រាវចំពោះអំពើពុករលួយរបស់លោក សំ កុសល ដែលយកតួនាទីនិងបេសកម្មការងាររបស់ខ្លួនទៅកឹបគេងបន្លំពន្ធរដ្ឋ យកផលប្រយោជន៍លាភសក្ការៈដាក់ហោប៉ៅខ្លួនតទៅទៀតទេ។
ទាក់ទងករណីនេះ លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


