ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឫលក់ផលិតផលគ្រឿងសម្អាងម៉ាក Balea គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ហើយក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Balea Cambodia និងជនពាក់ព័ន្ធដទៃទៀត ដែលកំពុងចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាង ម៉ាក Baleaនេះ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ មានគណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Balea Cambodia និងគ្រឹះស្ថានលក់គ្រឿងសម្អាងមួយចំនួន កំពុងចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក Balea គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួង សុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង ម៉ាក Balea គ្មានប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងផ្សព្វផ្សាយ ឬលក់តាមគណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Balea Cambodia និងគណនីបណ្ដាញសង្គមដទៃទៀត ព្រមទាំងគ្រឹះស្ថានលក់គ្រឿងសម្អាងមួយចំនួនផងដែរ ពីព្រោះផលិតផលទាំងនេះ ពុំអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Balea Cambodia និងជនពាក់ព័ន្ធដទៃទៀត ដែលកំពុងចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាង ម៉ាក Balea គ្មានប្រវេទន៍ពីក្រសួងសុខាភិបាល ទៅតាមច្បាប់ ស្តីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន ។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល ៕ រក្សាសិទ្ធិដោយ ៖ កូលាប
