Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ​លើកទី ០៩​ ​ចែករំលែក​ពីសារៈសំខាន់​នៃ​អ្នកលក់ដូរតាមដងផ្លូវ​នៅក្នុងបរិយាបន្នសង្គម​

 អ្នកស្រី​ ពៅ ច័ន្ទដារី អាយុ ៣០​ឆ្នាំ ធ្លាប់ជាកម្មកររោងចក្រ​ ហើយបច្ចុប្បន្នជាអ្នកលក់ដូរតាមដងផ្លូវមួយរូប។ អ្នកស្រី​ និងស្វាមី ដែលជាអ្នកបើករ៉ឺម៉កកង់បី គឺ​ជា​​សមាជិក​របស់​សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)  ជាង៣ឆ្នាំមកហើយ។​ អ្នកស្រី ច័ន្ទដារី ថ្លែងថា​ ក្នុងនាមជាសមាជិកសមាគម​មួយរូប អ្នកស្រី​បាន​ចូលរួមប្រជុំ និងវគ្គបណ្តុះបណ្តាល​​អំពី​កិច្ចគាំពារសង្គម និង​បាន​យល់ដឹង​កាន់តែច្រើន​ពី​បញ្ហា​ជួបប្រទះ​របស់​អាជីវករផ្សេង​ៗទៀត។​

យោងតាមបទពិសោធន៍ធ្លាប់ធ្វើការនៅរោងចក្រ នាង​អាច​មើលឃើញ​ពីភាព​ខុសប្លែកគ្នា​ និង​​​អត្ថប្រយោជន៍​ជាច្រើន​ដែល​កម្មករក្នុងប្រព័ន្ធទទួលបាន​ពីរបបកិច្ចគាំពារសង្គមដូចជា ការថែទាំសុខភាព គ្រោះថ្នាក់ការងារ ការឈប់សម្រាលកូន ប្រាក់បំណាច់ និងប្រាក់សោធន៍ជាដើម។ ​អ្នកស្រី ចង់មើលឃើញ​អាជីវករ​ និង​កម្មករ​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ទទួលបាន​អត្ថប្រយោជន៍​ដូច​គ្នាដែរ។​​​ អ្នកស្រី ច័ន្ទដារី ថ្លែងថា​៖ ”ខ្ញុំពេញចិត្ត​នឹងចូលរួម​ ​បើទោះជាមានការបង់ភាគទាន​ក្នុងកម្រិតណាមួយនោះសម្រាប់កិច្ចគាំពារសង្គម​”។

ថ្ងៃ​នេះ​ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង​ដៃគូ​ពា​​ក់ព័ន្ធ​ បានរួមគ្នាប្រារព្ធ​ទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ​លើកទី០៩​ ​ដើម្បីចែករំលែក​ពីសារៈសំខាន់​នៃ​អ្នកលក់ដូរតាមដងផ្លូវ​នៅក្នុងបរិយាបន្នសង្គម​ និង​ការរួមមចំណែក​របស់​ពួកគេ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។​

វេទិកា​​ “កិច្ចគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមផ្លូវនៅកម្ពុជា”​ ត្រូវបាន​រៀបចំឡើង​ដើម្បី​រំលឹក​ និង​ទទួឡស្គាល់​សិទ្ធិ​​អ្នកលក់ដូរតាមដងផ្លូវ ពិភាក្សាអំពីស្ថានភាព និងបញ្ហាជួបប្រទះ​របស់ពួកគេ ព្រម​ទាំង​ចែករំលែកព័ត៌មាន និងបទពិសោធន៍ ស្តីពីគោលនយោបាយ និងការ​អនុវត្ត​កិច្ចគាំពារ​សង្គម។

អ្នកលក់ដូរតាមដងផ្លូវ ជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា គ្មានសុវត្ថិភាព គ្មានអនាម័យ​ គ្មានកិច្ចគាំពារ​សង្គម រង​ការបៀតបៀន និង​ការរើសអើង​គ្រប់រូបភាព។​ ក៏ប៉ុន្តែ​ ​ពួកគេ​ពុំទាន់បានទទួលស្គាល់ និងចុះបញ្ជីក្នុង​ប្រព័ន្ធរបបសន្តិសុខសង្គមនៅឡើយ។​ បន្ថែម​ពី​នេះ​ ការរីករាល​ដាល​នៃ​ជំងឺ​រាតត្បាត​សាកល​កូវីដ​១៩​ បាន​ធ្វើ​ឲ្យ​ក្រុម​​អ្នកលក់ដូរតាមដងផ្លូវ​កាន់​តែ​ជួប​ការ​លំបាក​បន្ថែម​ទៀត ហើយ​ធ្វើឲ្យពួកគេ​កាន់តែ​ងាយ​រងគ្រោះ​ ព្រមទាំង​​ប្រឈម​នឹង​ហានិភ័យ​ និង​ភាព​មិន​ជាក់លាក់កាន់តែ​ច្រើន។​

លោក វន់ ពៅ ប្រធានសមាគម IDEA មានប្រសាសន៍ថាចាប់តាំងពីឆ្នាំ២០០៧ មក សមាគមរបស់លោក ​បានធ្វើ​សកម្មភាពជាច្រើន​​ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារទូទៅ រួមទាំងកិច្ចគាំពារសង្គមសម្រាប់​អ្នកលក់ដូរតាម​ដងផ្លូវ ដើម្បីបញ្ចូលពួកគេទៅក្នុងគោលនយោបាយគាំពារសង្គម ក៏ដូចជាការជំរុញ​ច្បាប់ស្តីរបបសន្តិសុខសង្គម​ដើម្បី​ពង្រីកវិសាលភាពក្នុងការគាំពារពួកគេក្នុងច្បាប់នេះផងដែរ។ អ្នកលក់ដូរតាម​ដងផ្លូវ​ ក៏​ត្រូវ​ការ​កិច្ច​គាំពារ​សង្គម​ពី​ច្បាប់​នេះ​ ដើម្បី​កម្ពុជា​​ឈាន​ទៅ​រក​សង្គម​មួយប្រកបដោយ​សមភាព និងសមធម៌។​

លោកបានបន្ថែមថា៖ ”បច្ចុប្បន្ន IDEA បាន និងកំពុងសម្របសម្រួល បណ្តុះបណ្តាល និងចងក្រង​អ្នកលក់ដូរតាម​ដងផ្លូវ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា បានចំនួន ២២ក្រុម ដើម្បីផ្តួចផ្តើមឱ្យមាន​ការសន្ទនាសមស្រប​ជាមួយស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានការទទួលស្គាល់កាន់តែច្រើនពីសិទ្ធិរបស់ពួកគេ ដើម្បីផ្តល់លទ្ធភាពដល់ពួកគេអាចទទួលបានកិច្ចគាំពារសង្គម និងលក្ខខណ្ឌរស់នៅសមរម្យ”។​

លោកស្រី​ ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា៖​ “អ្នកលក់ដូរតាម​ផ្លូវចូលរួម​យ៉ាងសកម្ម​ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ពួកកាត់មានសិទ្ធិដូចកម្មករក្នុងវិស័យដទៃទៀតដែរ។ ការទទួលបាននូវរបបកិច្ចគាំពារសង្គម និងសុខមាលភាពដែលរួមបញ្ចូលទាំងការធានាសុខភាព ការថែទាំកុមារ កិច្ចគាំពារមាតុភាព ការអប់រំ ការមានអនាម័យ និងសុវតិ្ថភាពនៅកន្លែងលក់ដូរ និងការទទួលបានសេវាហិរញ្ញវត្ថុ គឺជារឿងសំខាន់​ខ្លាំង​ណាស់ ហើយដែលពួកគាត់គួរទទួលបានដូចកម្មករដទៃទៀតដែរ ជាពិសេសនៅក្នុងបរិបទកូវីដ១៩នេះ”។

លោកស្រី​បានបន្ថែមថា៖ “អង្គការអុកស្វាមយល់ឃើញថា ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់អ្នកលក់ដូរ​តាមផ្លូវឲ្យមានប្រសិទ្ធភាព ជាការចាំបាច់ដែល ទាមទារបន្តឲ្យមាន ការគាំទ្រ​ ផ្តល់​កិច្ច​គាំពារ​សង្គម​ និង​មាន​ការ​សិក្សា​ស្រាវជ្រាវ​ច្បាស់​លាស់ អំពី​តម្រូវការ និងស្ថានភាព​ជាក់លាក់របស់ពួកគាត់ ដើម្បី​​អភិវឌ្ឍ​ទៅជា​គោលនយោបាយ​ដែល​​ឆ្លុះ​បញ្ចាំង​ និង​ឆ្លើយតប​នឹង​​តម្រូវការ​ជាក់ស្តែង​របស់អ្នកលក់ដូរតាម​ផ្លូវ​”។

វេទិកានេះ​ ធ្វើឡើង​នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់២​ និង​ជា​ការសហការ​​រៀបចំដោយ​សមាគមប្រជាធិបតេយ្យ​ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ជាមួយអង្គការអុកស្វាម (OXFAM) មជ្ឍមណ្ឌលសាមគ្គីភាពតំណាង​អង្គការ​​ (Solidarity Center) មជ្ឃមណ្ឌលសម្ព័នភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API)​ អង្គការសម័្ពន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(CPDD) ​និង​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)។​ វេទិកានេះ​ មានអ្នកចូលរួមផ្ទាល់​ប្រមាណ​៥០នាក់ ដែល​ជា​អ្នកលក់ដូរតាមផ្លូវ តំណាងមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គកាសង្គមស៊ីវិល ​​ ​ដៃគូអភិវឌ្ឍ និងតំណាង​ក្រសួងពាក់ព័ន្ធ ព្រមទាំង​មានអ្នកចូលរួមពីចម្ងាយ (Online)​ ចំនួនប្រមាណ ៣០០ នាក់​ទៀត​​។​​

វេទិកា​នេះ​ គាំទ្រឲ្យ​រដ្ឋាភិបាលកម្ពុជា​​ និង​ដៃគូ​ពាក់ព័ន្ធ​ចាត់វិធានការចាំបាច់នានា​ ដើម្បីផ្តល់កិច្ច​គាំ​ពារ និងសន្តិសុខ​សង្គម​ដល់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីធានាថា អ្នកលក់ដូរតាមផ្លូវ​អាច​ទទួលបានការថែទាំ​សុខភាព ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតនៅក្នុងគោលនយោបាយគាំពារសង្គមជាតិ និងច្បាប់ពាក់ព័ន្ធ។

×