ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាសថា ប្រសិនជាគម្រោងជួបចរចាជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មិនទទួលបានផ្លែផ្កា គាត់នឹងដើរចេញតែម្តង ហើយនឹងបន្តដាក់សម្ពាធឲ្យកាន់តែខ្លាំងទៀត រហូតដល់កូរ៉េខាងជើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរចោល។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
នៅក្នុងសន្និសីទសារព័ត៌មានរួម លោក និងលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានថ្លែងថា ការដាក់សម្ពាធឲ្យបានខ្លាំងខ្លាលើកូរ៉េខាងត្រូវតែរក្សាឲ្យមានជាដាច់ខាត។
កាលពីដំបូង លោកត្រាំ បានបញ្ជាក់ថា ប្រធាន CIA គឺលោក Mike Pompeo បានធ្វើដំណើរយ៉ាងសម្ងាត់ទៅជួបជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិច ត្រូវគេរំពឹងថា នឹងធ្វើកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង នៅក្នុងខែមិថុនា ចំនែកសេចក្តីលំអិតនៃកិច្ចប្រជុំ ទីតាំងនៃកិច្ចប្រជុំ កំពុងត្រូវគេធ្វើការពិភាក្សា៕ សុភ័ក្ត្រ