ជនសង្ស័យម្នាក់បានប្លន់ធនាគារមួយកន្លែងនៅស្រុកផានថុង ក្នុងខេត្តឈុនបុរី ប្រទេសថៃ ឥឡូវនេះ ត្រូវបានសមត្ថកិច្ចខ្លួនបានហើយ។ តាមកាសែត Khaosod បានចុះផ្សាយឲ្យដឹងថា ជនសង្ស័យបានដើរចូលទៅក្នុងធនាគារ ហើយធ្វើពុតជារង់ចាំក្នុងជួរ។ លុះពេលដល់វេនរូបគេទទួលសេវា ចោរប្លន់រូបនេះបានហុចសៀវភៅគណនីមួយទៅបុគ្គលិកធនាគារដោយមានលិខិតមួយនៅខាងក្នុង។ លិខិតនោះបានសរសេរថា «កុំស្រែកឆោឡោឲ្យសោះ! ក្នុងកាបូបខ្ញុំមានកាំភ្លើង ឲ្យលុយខ្ញុំ ៤ លានបាតមក។ បើអ្នកហ៊ានស្រែកប្រាប់នរណាម្នាក់ខ្ញុំនឹងសម្លា.ប់អ្នកចោល។ ឆាប់ដាក់លុយលើតុឲ្យលឿន”។ នារីជាបុគ្គលិកព្រោះតែមានការភ័យខ្លាច នាងក៏ដកលុយក្នុងថតតុប្រគល់ឱ្យចោររូបនេះចំនួន ៦០ ម៉ឺនបាត តែម្តង។
ប្រភពបន្តថា ភ្លាមៗនោះ ចោរបានដាក់លុយនៅក្នុងកាបូប រួចដើរចេញពីធនាគារ ឡើងរថយន្តជិះទៅយ៉ាងលឿន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ឧត្តមសេនីយ៍ប៉ូលិស Suwat Jangyodsuk បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ Thiti SangSawang ប៉ូលីស Pan Thong និងមន្ត្រីពាក់ព័ន្ធដើម្បីស្វែងរក និងចាប់ខ្លួនចោរនេះ។ ហើយនៅទីបំផុត មន្ត្រីបានចាប់ខ្លួនជនសង្ស័យដោយជោគជ័យ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ចោរប្លន់ឈ្មោះរូបនេះ ដែលមានឈ្មោះ ស៊ូ រីយ៉ា អាយុ ៣១ ឆ្នាំ ត្រូវបានរកឃើញជាមួយភស្តុតាង រួមទាំងប្រាក់ចំនួន ៥៩៥,០០០ បាត និងកាំភ្លើងក្លែងក្លាយដែលប្រើសម្រាប់ប្រព្រឹត្តបទល្មើស។ រូបគេត្រូវបានចាប់ខ្លួន នៅលើរថយន្តសាធារណៈ ដែលធ្វើដំណើរពីបាងកកទៅឈៀងម៉ៃ ខណៈរថយន្តបានកំពុងចតនៅមុខស្ថានីយប្រេង PTT ក្នុងខេត្ត Chai Nat ។
សូមបញ្ជាក់ថា ជនសង្ស័យ ស៊ូ រីយ៉ា គឺជាកម្មកររោងចក្រ នៅក្នុងទីក្រុងដ៏សំខាន់មួយ នៃខេត្តឈុនបុរី។ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនបានប្រព្រឹត្តអំពើប្លន់នេះ ដោយសារជំពាក់ប្រាក់គេជាង ៣ លានបាត ។ ហេតុនេះ រូបគេក៏បានចាប់ផ្តើមរៀបចំផែនការនៅថ្ងៃទី១០ វិច្ឆិកា ហើយបានទៅកាន់ធនាគារចំនួន ៤ កន្លែង មុនពេលជ្រើសរើសគោលដៅធនាគារមួយកន្លែងនៅស្រុកផានថុង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



