ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ ដើម្បីពិភាក្សា និងពិនិត្យលើបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ជំនួសឯកឧត្តម ងួន ញិល ដែលទទួលទទួលមរណភាព។ ការកោះប្រជុំនេះ គឺបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានបញ្ជូនបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ទៅរដ្ឋសភារួចកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ប្រាប់ CEN នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះថា ឯកឧត្តម ជាម យៀប ជាបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា បានបញ្ជូនទៅរដ្ឋសភាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ ហើយនៅថ្ងៃទី២២ ខែវិច្ឆិកា គណៈកម្មាធិការអចិន្ត្រៃយ៍សភានឹងប្រជុំពិនិត្យលើបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ដើម្បីជំនួសឯកឧត្តមកិត្តនីតិកោសល្យបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១ និងរបៀបវារៈមួយចំនួនទៀត។

អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍បញ្ជាក់ថា “យើងគ្រោងរៀបចំធ្វើនៅចុងខែនេះ តាមនីតិវិធីគឺអនុប្រធានសភា ត្រូវតែបោះឆ្នោតសម្តែងមតិពីសមាជិករដ្ឋសភាទាំងមូល ដោយការបោះឆ្នោតជាសម្ងាត់។ ចំពោះបេកក្ខភាពអនុប្រធានទី១ រដ្ឋសភា គឺគណបក្សស្នើបេក្ខភាពមករដ្ឋសភា (បេក្ខជន) ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ នឹងរៀបចំជារបៀបវារៈដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត អនុប្រធានទី១ រដ្ឋសភា តាមសំណើរបស់គណបក្ស។ ហើយគណបក្សបានបញ្ជូនបេក្ខភាពមករដ្ឋសភារួចហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១”។
សូមជម្រាបថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណៈភាពកាលពីព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់គាត់។ ឯកឧត្តម ងួន ញិល ទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ