ភ្នំពេញ ៖ ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ពីប្រទេសបារាំង របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គបានយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការនេះ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រកបដោយព្រះរាជជោគជ័យ។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជសកម្មភាពទទួលបាននូវភាពជោគជ័យ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានយាងចាកចេញពីមាតុប្រទេស ចូលរួមមហាសន្និបាតលើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូ (UNESCO) នៅទីក្រុងប៉ារីស សាធារណរដ្ឋ បារាំង កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១ តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ លោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ ។
ក្នុងមហាសន្និបាតនេះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យថ្លែង ព្រះរាជសុន្ទរកថា ទៅកាន់មហាសន្និបាតនៅថ្ងៃទី១២ ខែវិច្ឆិកា បន្ទាប់មក ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកជំទាវអគ្គនាយិកានៃអង្គការយូណេស្កូ អញ្ជើញចូលថ្វាយបង្គំគាល់សម្តែងការគួរសមនៅថ្ងៃទី១៣ ខែ ឆ្នាំដដែល។
ក្នុងកិច្ចសវនាការដ៏មានសារៈសំខាន់នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែល កំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ទៅក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ផងដែរ។
សូមរាជាអនុញ្ញាតក្រាបបង្គំថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕រក្សាសិទ្ធិដោយ ៖ កូលាប









