តាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមអាជីវករផ្សារតាកែវ រាប់រយនាក់បានលើកគ្នាមកតវ៉ា នៅមុខសាលាខេត្តតាកែវ ដោយស្នើឲ្យអភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អន្តរាគមន៍ លុបគម្រោងវិនិយោគផ្សារ ប៉ះពាល់ដល់ការប្រកបរបរលក់ដូររបស់ពួកគាត់ ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា រដ្ឋបាលខេត្ត នឹងរាយការណ៍ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំគោលការណ៍លុបការសាងសង់ផ្សារចោល។
ក្រុមអាជីវករតាកែវ បានស្នើសុំឲ្យអភិបាលខេត្តលុប គម្រោងវិនិយោគសាងសង់ផ្សារ ដោយសារតែគម្រោងនេះ ប៉ះពាល់ដល់ការប្រកបរបរលក់ដូររបស់ពួកគាត់ ដោយនៅពេលសាងសង់វា និងមានការជម្លៀសអ្នកលក់ ហើយអាចនឹងបាត់ទំហំតូបរបស់ពួកគាត់ថែមទៀតផង។
បើតាមបងប្អូនអាជីវករផ្សារតាកែវ ពួកគាត់គាំទ្រគម្រោងជួសជុលផ្សារឲ្យមានសោភ័ណភាពល្អ និងការស្ដាប្រព័ន្ធលូកុំឲ្យផ្សារលិចទឹក ប៉ុន្តែប្រឆាំងដាច់ខាតការសាងសង់ផ្សារ។

នៅក្នុងការជួបជុំប្រឆាំងតវ៉ានោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញមកជួបបងប្អូនអាជីវករ និងបានស្ដាប់តាមសំណូមពររបស់អាជីវករ។ ជាមួយគ្នានេះនៅព្រឹកថ្ងៃដដែលនេះ លោកអភិបាល ក៏បានចេញលិខិតផ្លូវការមួយ បញ្ជាក់ពីការសម្រេចផ្អាកការសាងសង់ និងជួសជុលផ្សារតាកែវផងដែរ។
ក្នុងលិខិតរបស់លោកអភិបាលខេត្ត បានបញ្ជាក់ថា «ផ្អែកតាមការស្នើសុំរបស់បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារតាកែវ ដែលបានសុំតវ៉ាមិនឲ្យមានការសាងសង់ចំនួនតូបបន្ថែមក្នុងផ្សារតាកែវទេ។ រដ្ឋបាលខេត្ត នឹងធ្វើសំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្អាកការសាងសង់ និងជួសជុលផ្សារតាកែវ ទៅតាមសំណូមពររបស់បងប្អូនអាជីវករផ្សារតាកែវ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញលិខិតដោយជម្រាបមកបងប្អូនអាជីវករលក់ដូរក្នុងផ្សារតាកែវ ក្នុងកម្មវត្ថុ ៖ ស្តីពីការលុបការសាងសង់ចំនួនតូបបន្ថែមនិងជួសជុលផ្សារតាកែវ ។

យោង ៖ លិខិតលេខ ៩២៧៥ សហវ.អទច ចុះថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីសំណើសុំធ្វើវិនិយោគផ្សារតាកែវ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ ពាក្យស្នើសុំរបស់បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារតាកែវ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការស្នើសុំមិន ឱ្យមានការសាងសង់ចំនួនតូបបន្ថែមក្នុងផ្សារតាកែវ ។
រដ្ឋបាលខេត្ត សូមជម្រាបជូន បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារតាកែវ ជ្រាបថា ៖ ផ្អែកតាមការស្នើសុំរបស់បងប្អូនអាជីវករលក់ដូរក្នុងផ្សារតាកែវ ដែលបានសុំតវ៉ាមិនឱ្យមានការ សាងសង់ចំនួនតូបបន្ថែមក្នុងផ្សារតាកែវទេ។ រដ្ឋបាលខេត្ត នឹងធ្វើសំណើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីលុប ការសាងសង់ និងជួសជុលផ្សារតាកែវ ទៅតាមសំណូមពររបស់បងប្អូនអាជីវករផ្សារតាកែវ ។
ដូចនេះការស្នើសុំរបស់បងប្អូនអាជីវករផ្សារតាកែ ដែលស្នើសុំមិនឱ្យមានការសាងសង់ចំនួនតូបបន្ថែម ក្នុងផ្សារតាកែវ និងជួសជុលផ្សារតាកែវនេះ រដ្ឋបាលខេត្ត នឹងរាយការណ៍ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជ្រាប និងសុំគោលការណ៍លុបការសាងសង់៕ រក្សាសិទ្ធិដោយ៖កូលាប







