ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការ ប្រឡងសញ្ញាបត្រ មធ្យមសិក្សា បឋមភូមិ សម័យប្រឡង ថ្ងៃទី១៥ វិច្ឆិកា ២០២១ ហើយដំណើរការសំណេរ ថ្ងៃទី១ នេះបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។

ក្រសួងអប់រំ បានឲ្យដឹងថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈគ្រប់គ្រងមណ្ឌលប្រឡងនីមួយៗ ដោយបានពិនិត្យ នូវកម្ដៅបេក្ខជនមុនចូល ក្នុង មណ្ឌល និងបន្ទប់ប្រឡងពាក់ម៉ាសការពារ លាងដៃនឹងអាល់កុល និងរក្សា គម្លាតបានយ៉ាងខ្ជាប់ខ្ជួន ។
បេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
សម្រាប់ការប្រឡង សញ្ញាបត្រ មធ្យមសិក្សា បឋមភូមិ សម័យប្រឡង៖ ១៥ វិច្ឆិកា ២០២១ មានបេក្ខជនសរុបចំនួន ១៦២,៥៨៩ នាក់ (នារី ៨៧,៨៧១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២២ ស្នើនឹង ៧,៣២៧ បន្ទប់ប្រឡង ៕ រក្សាសិទ្ធិដោយ៖កូលាប















