Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី លី ធុជ ចង់ឃើញប្រទេសសឹង្ហបុរី ចូលរួមឧបត្ថម្ភគាំទ្រដល់ការអនុវត្តយន្តការភូមិអស់ការគំរាមដោយសារមីន

អាជ្ញាធរមីន ៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សា និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី ដែលបានចូលរួមគាំទ្រជួយដល់កម្ពុជា ក្នុងការកសាងសមត្ថភាពដល់មន្រ្តីរាជការ រួមមានការរៀបចំគោលនយោបាយ ការផ្តល់អាហារូបករណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ និងជួយដល់វិស័យសកម្មភាពមីនតាមរយៈការធ្វើជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងឆ្នាំ២០១៨។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ជូនលោកស្រីឯកអគ្គរដ្ឋទូតថា ថ្មីៗនេះ បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានចាប់ផ្តើមអនុវត្តយន្តការភូមិអស់ការគំរាមដោយសារមីន ហើយបានទទួលជោគជ័យនៅភូមិមួយក្នុងខេត្តកែប ព្រមទាំងគ្រោងនឹងអនុវត្តន៍នៅតាមភូមិផ្សេងៗទៀតនៅទូទាំងប្រទេស តាមរយៈការចលនាកៀរគរធនធានឧបត្ថម្ភគាំទ្រ ដល់ការងារបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ពីវិស័យឯកជន និងសប្បុរសជននានា ដែលមានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីនតាមភូមិ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញពីបំណងចង់ឃើញប្រទេសសឹង្ហបុរី ចូលរួមឧបត្ថម្ភគាំទ្រដល់ការអនុវត្តយន្តការភូមិអស់ការគំរាមដោយសារមីន ដើម្បីឈានឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ និងការចូលរួមកសាងសមត្ថភាពផ្នែករៀបចំគោលនយោបាយ និងអភិបាលកិច្ចដល់មន្ត្រីអាជ្ញាធរមីន៕ រក្សាសិទ្ធិដោយ ៖ កូលាប