Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការចេញដីកាសម្រចលក់ដោយបង្ខំអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែលើ ដែលជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៉ី ដើម្បីសងសំណងដល់ម្ចាស់ដើមបណ្តឹងចំនួន ៤ ផ្សេងៗគ្នា

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រចលក់ដោយបង្ខំ ទីស្នាក់ការកណ្ដាលរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាផ្ទះរបស់លោក សម រង្ស៊ី ប្រធានអតីតគណបក្សនេះ នៅសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ។

តាមដីកាសម្រេច ចាប់ផ្ដើមការលក់ដោយបង្ខំ របស់ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ដែលត្រូវសមត្ថកិច្ចយកទៅបិទនៅមុខស្នាក់ការកណ្ដាលអតីតគណបក្សសង្គ្រោះជាតិ ដែលមានម្ចាស់បំណុល ចំនួន ៤ផ្សេងៗគ្នា។

ការប្រកាសនេះយោងទៅលើនីតិវិធីមួយចំនួន រួមទាំងបានឃើញសំណុំរឿងអនុត្តវត្តដោយបង្ខំ របស់សាលាដំបូងរាធានីភ្នំពេញ រវាងម្ចាស់បំណុលនៃការអនុវត្ត របស់សម្តេចហេង សំរិន ប្រធានរដ្ឋសភា , សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនម្ចាស់បំណុលនៃការអនុវត្ត , ម្ចាស់បំណុលនៃការអនុវត្តរបស់ រាជរដ្ឋាភិបាល, សម្តេចក្រឡាហោម ស ខេង ម្ចាស់បំណុល នៃការអនុវត្តរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកូនបំណុលនៃការអនុវត្ត ឈ្មោះ សម រង្ស៊ី និងសហកូនបំណុល លោកស្រី ជូឡុង សូមូរ៉ា។

ការសម្រេចដាក់លក់ដោយបង្ខំផ្ទះលោក សម រង្ស៉ី នៅសង្កាត់ចង្រែ ខណ្ឌមានជ័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសំណើសុំឱ្យអនុវត្តវិធានបង្ខំដោយផ្ទាល់ របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណីទាំង៤ និងបណ្តឹងរបស់អយ្យការអមសាលាដំបូងភ្នំពេញ ចំនួន៤សំណុំរឿងទៀត បន្ទាប់ពីភាគីអ្នកចាញ់ក្តី មិនបានបំពេញកាតព្វកិច្ចសងសំណង តាមសាលក្រម សាលដីកាស្ថាពរ កាលពី៣ឆ្នាំមុន និងសាលក្រមស្ថាពរ ជាបន្តបន្ទាប់ទៀត។

បើតាមកម្មវត្ថុក្នុង ដីកាដដែលសុំឱ្យអនុវត្ត តាមវិធានបង្ខំដោយផ្ទាល់ លក់ដោយបង្ខំនូវអចលនវត្ថុមាន បណ្ណសំគាល់ សិទ្ធិកាន់កាប់អចលនវត្ថុ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិត នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសង តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល។

ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ប្តឹងដោយមេធាវីតំណាងរបស់សម្តេចតេជោ ហ៊ុន សែន, តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ៤០០០លានរៀល។ សាលដីកាស្ថាពរសំណុំរឿងនេះចេញដោយតុលាការកំពូលនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

សម្រាប់ក្នុងសំណុំប្តឹងដោយមេធាវីតំណាងរបស់សម្តេច ហេង សំរិន តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ៤ពាន់លានរៀល។ សាលដីកាស្ថាពរសំណុំរឿងនេះ ចេញដោយតុលាការកំពូលនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងសំណុំរឿងប្តឹងដោយមេធាវី តំណាងសម្តេចក្រឡាហោម ស ខេង, តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី សងជំងឺចិត្តចំនួន ២ពាន់លានរៀល។ សាលក្រមស្ថាពរសំណុំរឿងនេះ ចេញដោយសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ ក្នុងសំណុំរឿងប្តឹងដោយមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា, តុលាការបានបង្គាប់ឱ្យលោក សម រង្ស៉ី សងជំងឺចិត្តចំនួន ១៨០០លានរៀល។ សាលក្រមស្ថាពរសំណុំរឿងនេះ ចេញដោយសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

តាមដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ទាំង៤ ចេញដោយ លោក អ៉ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា យោងលើឯកសារចម្លងយថាភូត នៃលិខិតអនុវត្តដែលមានអានុភាព ដើម្បីអនុវត្តលើបំណុលខាងលើគប្បីតុលាការសម្រេច តាមពាក្យសុំរបស់ម្ចាស់បំណុលនៃការអនុវត្តតាមមាត្រា៣៥០.២.ក នៃក្រមនីតិវិធីរដ្ឋប្បវេណី។

ហេតុដូច្នេះសម្រេច៖ ១) ចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ, ២) រឹបអូសអចលនវត្ថុ មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត ឈ្មោះ សម រង្ស៊ី និងប្រពន្ធឈ្មោះ ជូឡុង សូមួរ៉ា ដើម្បីយកប្រាក់មកទូទាត់បំណុលឱ្យម្ចាស់បំណុលនៃការអនុវត្ត រហូតដល់គ្រប់ចំនួន។

លោក សម រង្ស៉ី ត្រូវបានប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានសូកប៉ាន់ កញ្ញា ធី សុវណ្ណថា ១លានដុល្លារ ដើម្បីវាយប្រហារលើគណបក្សសង្រ្គោះជាតិ។

ទណ្ឌិត សម រង្ស៊ី ក៏ត្រូវបានប្តឹងដោយសម្តេច ហេង សំរិន ផងដែរកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះវីដេអូ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ដោយចោទរបបរដ្ឋកម្ពុជា ដែលដឹកនាំដោយ សម្តេច ហេង សំរិន តាមរយៈការបំភ្លៃថាបានដាក់ទោស សម្តេច សីហនុ ជាជនក្បត់ជាតិ។

លោកក៏ត្រូវបានប្តឹងដោយក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីបានបង្ហោះសារលាបពណ៌ បំភ្លៃការពិត អំពីរឿងមរណភាពរបស់ លោក ហុក ឡង់ឌី។ លោក សម រង្ស៉ី បានមួលបង្កាច់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី ហើយភូតទៀតថាពេលនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី កំពុងរៀបចំផែនការសងសឹក ដោយមានការគាំទ្រពីសម្តេចក្រឡាហោម ស ខេង។

មកដល់ពេលនេះ ទណ្ឌិត សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស មានសំណុំរឿងមិនតិចជាង១០ករណីនោះឡើយ។ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ ក្រោមការចោទប្រកាន់ពីបទ ឧបឃាត តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។

ក្រៅពីលោក សម រង្ស៊ី សាលក្រមនៅពេលនោះ ក៏បានសម្រេចដាក់ទោសលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមូរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ ពន្ធនាគារក្នុងម្នាក់ៗចំនួន២០ឆ្នាំ។

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលឡោមព័ទ្ធដោយបណ្ដឹងនោះ កំពុងនិរទេសខ្លួននៅក្រៅប្រទេស ហើយដើរបំផុសប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប

×