ភ្នំពេញ៖ ករណីហិង្សាមួយដោយជនដៃដល់៣នាក់ បាននាំគ្នាព្រួតវ៉ៃស្ត្រីម្នាក់ ដោយយកដុំថ្មវាយឲ្យរបួសធ្ងន់ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០១៧។ ជនរងគ្រោះឈ្មោះសូ អូន អាយុ ៥៥ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
នគរបាលបានឃាត់ខ្លួនជនសង្ស័យ៣នាក់៖១. ឈ្មោះឯក ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ២. ឈ្មោះសំ ស្រីភា ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរ។ ៣. ឈ្មោះអៃ សោភ័ណ្ឌ ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរលក់ដូរ។ ទាំង៣នាក់ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ប៉ូលិសនិយាយថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងបៀ នៅលើគ្រែជាមួយឈ្មោះហេង សុផល ត្រូវជាម្តាយជនសង្ស័យ នៅចំណុចកើតហេតុ រួចក៏មានទំនាស់ពាក្យសំដីគ្នា ជាមួយឈ្មោះ ហេង សុផល ស្រាប់តែជនសង្ស័យឈ្មោះ ឯក ស្រីពៅ ដើរមកសួរនាំ ក៏មានការប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះ ពេលនោះជនសង្ស័យឈ្មោះសំ ស្រីភា និងឈ្មោះអៃ សោភ័ណ្ឌត្រូវជាបងប្អូន បានចូលមកព្រួតគ្នា វាយជនរងគ្រោះដួលទៅលើដី ហើយជនសង្ស័យឈ្មោះឯក ស្រីពៅ បានយកដុំថ្ម វាយមុខជនរងគ្រោះ បណ្តាលឲ្យរបួស ក្រោមភ្នែកខាងស្តាំមួយកន្លែង លើថ្ងាស់មួយកន្លែង លើចញ្ចើមខាងឆ្វេងមួយកន្លែង និងក្បាលបណ្តាលឲ្យរបួសជាទម្ងន់ រួចជនសង្ស័យនាំគ្នារត់គេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបាន គ្រួសារនាំទៅព្យាបាល នៅមន្ទីពេទ្យបង្អែកច្បារអំពៅ។
លុះដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី ក្រុមគ្រួសារជនរងគ្រោះ ឃើញជនសង្ស័យទាំងបីនាក់ កំពុងនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ចាត់ការតាមច្បាប់៕ ដោយ៖ជាលី