ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់លិខិតទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំផ្លាស់អនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា។ លិខិតសម្តេចតេជោ ហ៊ុន សែន បានដាក់ទៅរដ្ឋសភាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ និងប្រជុំពិភាក្សា និងពិនិត្យលើសំណើស្នើសុំផ្លាស់អនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជួយសម្រួលតាមនីតិវិធីដើម្បីធ្វើឱ្យសម្រេចនូវការផ្លាស់ប្តូរដូចតទៅ៖
១-ជ្រើសតាំងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា ជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល
២- ជ្រើសតាំងឯកឧត្តម ឈាង វុន ជាប្រធានគណៈកម្មការទី២ (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) ជំនួសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប
៣- ជ្រើសតាំងឯកឧត្តម សួស យ៉ារ៉ា ជាប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន) ជំនួសឯកឧត្តម ឈាង វុន
៤- ជ្រើសតាំងឯកឧត្តម នឹម ច័ន្ទតារា ជាអនុប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន) ជំនួសឯកឧត្តម សួស យ៉ារ៉ា
៥- ជ្រើសតាំងឯកឧត្តម ទី សុគន្ធ ជាលេខាធិការគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន) ជំនួសឯកឧត្តម នឹម ច័ន្ទតារា
៦- ជ្រើសតាំងឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មានជំនួសឯកឧត្តម ទី សុគន្ធ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីពិភាក្សា និងពិនិត្យលើសំណើស្នើសុំផ្លាស់អនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា។ ការកោះប្រជុំនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់សំណើសុំផ្លាស់អនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា ទៅរដ្ឋសភារួចកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
