ភ្នំពេញ ៖ មនុស្សប្រុសស្រីក្មេងចាស់ចំនួន៤នាក់ រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកឥដ្ឋ បើកបរខ្វះការប្រុងប្រយ័ត្ន កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូសណ្តោងរទេះអេតចាយមួយគ្រឿង រួមដំណើរជាមួយកូនស្រីម្នាក់ និងប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ក្នុងទឹសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ម៉ូតូរបស់គាត់បានខូចក្បាលប៊ូស៊ី ក៏បានចតម៉ូតូសណ្តោងរទេះអេតចាយ ឲ្យជាងម៉ូតូជួសជុល និងប្តូរក្បាលប៊ូស៊ី ចំណែកប្រពន្ធនិងកូន មិនបានចុះពីលើរទេះអេតចាយនោះទេ គឺពួកគាត់អង្គុយរង់ចាំនៅលើរទេះអេតចាយ រីឯបុរសជាប្តីបានឈរមើលជាងប្តូរក្បាលប៊ូស៊ី ខណ:ដែលបុរសជាជាងម៉ូតូកំពុងតែអោនដោះក្បាលប៊ូស៊ី ស្រាប់តែមានរថយន្តដឹកឥដ្ឋមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ 3A-0517 បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង បានជ្រុលចង្កូតទៅបុ.ករទេះអេតចាយ ពីខាងក្រោយបណ្តាលឲ្យស្ត្រីជាប្រពន្ធ និងកូនស្រីធ្លាក់ពីលើរទេះអេតចាយ ចូលក្នុងក្រោមកង់រថយន្ត ចំណែកបុរសជាជាងម៉ូតូ ត្រូវបានម៉ូតូដួលសង្កត់ បណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ និងស្រាលចំនួន៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗផងដែរ។

ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខណ្ឌសែនសុខសហការ ជាមួយចរាចរណ៍ក្រុង បានចុះមកវាស់វែង និងយករថយន្តនិងម៉ូតូសណ្តោងរទេះអេតចាយ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម




