ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់យកខ្សែភ្លើងអគ្កិសនី ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ២៧៨ ផ្លូវ ៦៣BT ភូមិ ត្នោជ្រុំ២ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ចន ឆាយ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ២៧៨ ផ្លូវ ៦៣BT ភូមិ ត្នោជ្រុំ២ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន ។

ជនសង្ស័យឈ្មោះ កុល សំណាង ហៅ ណាក់ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅរោងទិញលក់អេតចាយ ផ្លូវ លំ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ មានផ្ទុកសារធាតុញៀន ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទី ទៀបភ្លឺ ជនរងគ្រោះ និងក្នុងគ្រួសារកំពុងសម្រាកនៅក្នុងផ្ទះ (កន្លែងកើតហេតុ) ស្រាប់តែរលត់ភ្លើងអគ្គិសនី និងមានសម្លេងឆ្កែព្រូស ដោយមានការសង្ស័យបានចេញមកមើលឃើញជនសង្ស័យនិងបក្ខពួក ចំនួន០២នាក់ទៀត មិនស្គាល់ឈ្មោះ អាយុប្រហែល ៣៥ឆ្នាំ បានឈប់ម៉ូតូមួយគ្រឿងនៅក្បែរខ្សែភ្លើងអគ្គិសនីរបស់ខ្លួន ដែលបានដាច់ធ្លាក់មកលើផ្លូវនោះ ក៏បានស្រែកឆោឡោឡើង ហើយនាំគ្នាដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាង។
បន្ទាប់ជនរងគ្រោះក៏នាំមកជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី២ ធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ចំណែកបក្ខពួកជនសង្ស័យ ចំនួន០២នាក់ទៀត មិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់។

វត្ថុតាងចាប់យក ម៉ូតូចាស់ ចំនួន០១គ្រឿង ម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ, កន្ទុយរ៉ឺម៉ក ចំនួន០១គ្រឿង, ដង្កាប់ ចំនួន០៣, ម៉ាឡេត ចំនួន០២, កន្ត្រៃ ចំនួន០១, កាំបិតដងឈើ ចំនួន ០១, ទុលឡឺវីស ចំនួន ០១ និងជំពាមកៅស៊ូដងឈើ ចំនួន ០១។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ ៖ កូលាប