ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានគុណតម្លៃខ្ពស់ សម្រាប់ជំរុញកំណើនពាណិជ្ជកម្មរវាង កម្ពុជា-ចិន នឹងចូលជាធរមាន នៅ ខែមករា ឆ្នាំ២០២២ ខាងមុខនេះហើយ។

នេះជាការប្រកាសរបស់ សតេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជំនួបជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ អនឡាញ នារសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១, ហើយថា នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នា ជំរុញឱ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារអាមេរិក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន នេះ ត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ តែកិច្ចព្រមព្រៀងនេះ ត្រូវរង់ចាំបំពេញលក្ខខណ្ឌច្បាប់តាមប្រទេសនីមួយៗ ក៏ដូចជាការអនុម័តយល់ព្រមពីស្ថាប័នសភានៃប្រទេសទាំងពីររួចរាល់សិន។
ក្រោយជំនួប សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង, លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការធ្វើពាណិជ្ជកម្មរវាងប្រទេស កម្ពុជា-ចិន ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ធ្វើយ៉ាងណា ឱ្យមានមានភាពរលូន និងល្អប្រសើរ។

លោក អ៊ាង សុផល្លែត បានប្រាប់ថា លោក លី ខឺឈាង បានជំរុញឱ្យមានការពិភាក្សាគ្នាលើកូតានាំអង្ករ និងកសិផលរបស់កម្ពុជានាំចូលទៅកាន់ប្រទេសចិន, ពោលគឺ ចិន ចង់ឃើញកម្ពុជានាំចូលកសិកផលទាំងឡាយ ទៅកាន់ប្រទេសចិនដោយផ្ទាល់តែម្តង ចៀសវាងការឆ្លងកាត់ប្រទេសដទៃ។
ឆ្លងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជាគ្រោងនឹងនាំផលិតផលជាង ៣៤០មុខ ទៅកាន់ប្រទេសចិន ហើយ ៩៥ភាគរយនៃផលិតផលទាំងនោះ នឹងចុះពន្ធដល់ ០ ភាគរយ ហើយនៅសល់ ៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០%។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA រវាង កម្ពុជា-ចិន មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងពន្ធអាករ លើផលិតផលប៉ុណ្ណោះទេ តែគឺបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជា ផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











