Thursday, July 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ កិច្ចសហប្រតិបត្តិការដ៏ រឹងមាំនៃភាពជាដៃគូអាស៊ី-អឺរ៉ុបនឹងធ្វើឱ្យយើងចាកចេញ និងងើបចេញពីវិបត្តិសកលនេះ ជាមួយគ្នា ដោយមិនបោះបង់ និងមិនទុកចោលប្រទេសណាមួយនោះឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងទៅកាន់ថ្នាក់ដឹកនាំសភាអាស៊ី-អឺរ៉ុប ក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១៣ គឺជាយន្តការស្នូល ដ៏សំខាន់មួយសម្រាប់តភ្ជាប់ប្រជាជន និងប្រជាជន រវាងទ្វីបទាំងពីរនៃយើង ហើយលទ្ធផល នៃកិច្ចប្រជុំនេះ នឹងក្លាយជាធាតុចូល និងអនុសាសន៍ដ៏មានតម្លៃសម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅរសៀលថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសុន្ទរកថា បើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពិពីបើកកិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការថ្លែងសុន្ទរកថាគន្លឹះពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកស្រី ហេឌី អូតតាឡា អនុប្រធានសភាអឺរ៉ុប និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

ជំងឺកូវីដ-១៩ ពិតជាបានផ្លាស់ប្តូរនូវបទដ្ឋាន និងឥរិយាបថនៃការ បំពេញកិច្ចការ និងការរស់នៅប្រចាំថ្ងៃរបស់យើងដែលនេះ អាចចាត់ទុកបានថាជាវិញ្ញាសា សាកល្បងដល់ការប្ដេជ្ញាចិត្តរវាងអាស៊ី និងអឺរ៉ុប ក្នុងការរក្សាបាននូវកិច្ចសហប្រតិបត្តិការមួយ ប្រកបដោយភាពជឿទុកចិត្តគ្នា ។ ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ នេះ បានគំរាមកំហែងដល់ និន្នាការនយោបាយនៃពហុភាគីនិយមសកលក៏ដោយ, ក៏ការប្តេជ្ញាចិត្តរបស់យើងក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ ពុំបានរង្គោះរង្គើឡើយ ។ ផ្ទុយទៅវិញ, កិច្ចសហប្រតិបត្តិការដ៏ រឹងមាំនៃភាពជាដៃគូអាស៊ី-អឺរ៉ុបនឹងធ្វើឱ្យយើងចាកចេញ និងងើបចេញពីវិបត្តិសកលនេះ ជាមួយគ្នា ដោយមិនបោះបង់ និងមិនទុកចោលប្រទេសណាមួយនោះឡើយ ។

ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ, កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប គឺជាយន្តការស្នូល ដ៏សំខាន់មួយសម្រាប់តភ្ជាប់ប្រជាជន និងប្រជាជន រវាងទ្វីបទាំងពីរនៃយើង ហើយលទ្ធផល នៃកិច្ចប្រជុំនេះ នឹងក្លាយជាធាតុចូល និងអនុសាសន៍ដ៏មានតម្លៃសម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣, អាទិភាពរបស់កម្ពុជា គឺផ្ដោតសំខាន់ទៅលើការលើកកម្ពស់ពហុភាគីនិយមឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនរួមគ្នា ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ នៅក្រោយ វិបត្តិ ។

សន្តិភាព និងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មាន ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ។ ខ្សែបន្ទាត់ភូមិសាស្ត្រ នយោបាយនានា កំពុងត្រូវបានគូសវាសរួចទៅហើយ និងបានដាក់គំនាបឱ្យរដ្ឋតូចៗជ្រើស រើសរបៀបវារៈនយោបាយមួយ ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈ និងផលប្រយោជន៍នៃប្រជាជាតិ របស់ខ្លួន ។ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹងនេះ, មានត ភាពជាដៃគូប្រកបដោយភាពជឿទុកចិត្តគ្នានោះទេ ទើបអាចឱ្យយើងបន្តរក្សាបាននូវយន្តការ ពហុភាគីនិយមមួយ ដែលនឹងធានាបាននូវសន្តិភាព, ស្ថិរភាព, វឌ្ឍនភាព និងវិបុលភាពរបស់ សកលលោក ។ ក្នុងស្មារតីនេះ, យើងទាំងអស់គ្នាចាំបាច់ត្រូវតែបន្តរក្សាឱ្យបាននូវគុណតម្ល នៃសន្តិភាព ព្រមទាំងបន្តរិះរកជានិច្ចនូវយន្តការចាំបាច់នានា សំដៅសម្រេចឱ្យបាននូវគោល ដៅដ៏ឧត្តុង្គឧត្តមនេះ ។

សា្ថប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត, ការបញ្ចៀស បញ្ហា តាមរយៈការទូតរវាងសភា និងសភា (Parliamentary Preventive Diplomacy) និងសំខាន់បំផុតនោះ គឺការធានាឱ្យបាននូវទំនុកចិត្តបែបយុទ្ធសាស្ត្រ ជាពិសេសលើបញ្ហា សន្តិសុខ និងស្ថិរភាព ដែលកាន់តែមានភាពស្មុគស្មាញ និងចាក់ស្រេះខ្លាំងឡើង ។ ឈរលើមូលដ្ឋាននេះ, កម្ពុជាប្ដេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា, ការរៀនសូត្រពីគ្នា, ការយោគយល់គ្នា, ការទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បី កសាងបាននូវគ្រឹះដ៏ចាំបាច់មួយ សម្រាប់ការអនុវត្តគោលនយោបាយការបរទេសពហុភាគី និយមរបស់យើង ។ ប្រសិនបើគ្មានយន្តការពហុភាគីនិយមមួយដែលរឹងមាំ នោះយើងក៏ពុំ អាចដោះស្រាយបញ្ហាទាំងអស់នេះជារួមបានដែរ ។

សម្តេចបានថ្លែងបន្តថា យើងមិនមានពេលវេលាច្រើននោះទេ ពោលគឺយើងនៅសល់ពេលត្រឹមតែ ៩ ឆ្នាំទៀត ប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការគ្រោងទុក ។ នាកាលៈទេសៈបច្ចុប្បន្ននេះ, មានតែការកៀរគរ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ ធនធាន ក្រោមសាមគ្គីភាពជាធ្លុងមួយ ជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបយើងអាច សម្រេចបាននូវការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ មុននឹងឈានទៅដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍នេះ ។ ការណ៍នេះ ក៏ នឹងទាមទារឱ្យមានជាចាំបាច់នូវស្មារតីសេរីភាវូបនីយកម្មដ៏ស្វាហាប់លើផ្នែកពាណិជ្ជកម្ម និង ការវិនិយោគ ក៏ដូចជាការរក្សាបាននូវលំនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម សំដៅតភ្ជាប់ និងជំរុញសមាហរណកម្មនៃសេដ្ឋកិច្ចនៅក្នុងតំបន់ និងអន្តរតំបន់ ឱ្យកាន់តែមានភាពស៊ី ជម្រៅបន្ថែមទៀត ។

នៅរាល់វិបត្តិដែលកើតមានឡើង តែងតែបង្កប់នូវកាលានុវត្តភាព ដែលយើងមិនត្រូវ មើលរំលងនោះឡើយ ។ ជំងឺកូវីដ-១៩ គឺជាច្រកនៃកាលានុវត្តភាពសម្រាប់ការកែទម្រង់លើ ប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជាអាទិភាពនានាសម្រាប់ដំណើរការអភិវឌ្ឍរបស់យើង ។ ជាក់ស្តែង យើងសង្កេតឃើញថា ការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម, សន្ទុះដ៏លឿននៃបរិវត្តកម្ម ឌីជីថល, សេដ្ឋកិច្ចចក្រា និងកំណើនបៃតង គឺជាកាលានុវត្តភាពសេដ្ឋកិច្ចនៅក្នុងគន្លង ប្រក្រតីភាពថ្មី ដែលប្រទេសទាំងអស់ត្រូវតែចាប់យកឱ្យខាងតែបាន ។ ក្នុងន័យនេះ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នឹងបញ្ចូលនូវនិន្នាការទាំងនេះជារបៀបវារៈ នៃការកែទម្រង់របស់យើងហើយយើងមានសុទិដ្ឋិនិយមថា និន្នាការទាំងនេះនឹងក្លាយទៅជាអត្តសញ្ញាណរួម នៃការងើបឡើងវិញរបស់ពិភពលោក នៅក្រោយវិបត្តិនេះ ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប នាថ្ងៃនេះ គឺជាសញ្ញាដ៏រឹងមាំមួយដែលសបញ្ជាក់ថា យើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ឈានឆ្ពោះទៅរករបៀបវារៈជាអាទិភាពនៃយន្តការ ពហុភាគីនិយមហើយខ្ញុំជឿជាក់ថា គណៈប្រតិភូទាំងអស់នឹងបញ្ចេញនូវគតិបណ្ឌិត, មតិ យោបល់ និងគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញឱ្យកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបនេះ ទទួលបាននូវលទ្ធផលជោគជ័យជាទីមោទកភាព៕ រក្សាសិទ្ធិដោយ ៖ កូលាប

×