ភ្នំពេញ ៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១» របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅឆ្នាំ២០២១ នេះ បានផ្តោតការយកចិត្តទុកដាក់ទៅលើការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និង និន្នាការនយោបាយ-សន្តិសុខក្នុងតំបន់សំខាន់ៗ ផលប៉ះពាល់និងការស្តារឡើងវិញពីជំងឺរាតត្បាត កូវីដ-១៩ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ព្រមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធ និងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

សន្និបាតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រារព្ធនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាព របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមតាមទម្រង់ដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងតំណាងមកពីស្ថាប័នជាតិដែលពាក់ព័ន្ធ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់ប្រធានស្ថានបេសកកម្មរបស់កម្ពុជានៅបរទេស ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ប្រធានបទនៃការផ្លាស់ប្ដូរយោបល់គ្នា ក៏បានគ្របដណ្ដប់ផងដែរ ទៅលើកំណែទម្រង់វិធីសាស្ត្រអនុវត្តការងាររបស់ក្រសួងការបរទេស សមត្ថភាព អ្នកការទូត និងមន្ត្រីការបរទេសកម្ពុជា និងការកែលម្អការងារសម្របសម្រួលជាមួយស្ថាប័នជាតិផ្សេងទៀត ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជនកម្ពុជា។

ប្រភពដដែលបានបន្តថា សន្និបាតប្រចាំឆ្នាំនេះ ដែលរួមមានវគ្គពិភាក្សាជាលក្ខណៈចង្អៀតផងដែរ អនុញ្ញាតឱ្យមន្ដ្រីក្រសួងការបរទេសកម្ពុជាគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកក្នុងការវាយតម្លៃលើសមិទ្ធិផល និងបទពិសោធន៍មេរៀន ដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាពការងារការទូត និងការប្រាស្រ័យទាក់ទងផ្នែកគោលនយោបាយការបរទេសរបស់កម្ពុជា សំដៅដោះស្រាយបញ្ហាប្រឈមនានា និងរួមចំណែកក្នុងការសម្រេចគោលដៅប្រទេសជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

