ភ្នំពេញ ៖ ខុទ្ទកាល័យកងទ័ពជើងគោក នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់អង្គភាពកងទ័ពក្រោមឱវាទ អំពីការបញ្ចុះតម្លៃសម្រាប់ការកែចង្កួតរថយន្តពាក់ផ្លាកលេខ ខ.ម. ពីស្តាំទៅឆ្វេង ដើម្បីឱ្យមានភាពស្របច្បាប់ ក្នុងការធ្វើដំណើរនៅលើដងផ្លូវនៅកម្ពុជា ដោយក្នុងនោះ លោកឧកញ៉ា តែ តាំងប៉ បានយល់ព្រមធ្វើការបញ្ចុះតម្លៃពិសេស លើថ្លៃប្តូរចង្កូតរថយន្តសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំក្រោមផ្លាកលេខ ខ.ម. ទៅតាមប្រភេទ និងឆ្នាំផលិត។

តាមសេចក្ដីជូនដំណឹងដដែលបានបន្តថា អង្គភាពកងទ័ពក្រោមឱវាទបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវផ្ដល់ព័ត៌មានលម្អិតអំពីរថយន្តចង្កួតស្ដាំដែលពាក់ស្លាកលេខ ខ.ម. ទាំងអស់ ដែលត្រូវកែចង្កួតពីស្តាំទៅឆ្វេង ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស។ ប្រការនេះជាការជួយសម្រាលបន្ទុកយោធិនដែលជាម្ចាស់រថយន្តចង្កូតស្តាំកំពុងប្រើប្រាស់ស្លាកលេខ ខ.ម.។
ខុទ្ទកាល័យកងទ័ពជើងគោក មានកិត្តិយស សូមជម្រាបជូនដល់ឯកឧត្តម មេបញ្ជាការ គ្រប់កង ឯកភាព នាយបណ្តាស្ថាប័ន ចំណុះកងទ័ពជើងគោក មេត្តាជ្រាប និងជ្រាបថា៖ ដើម្បីជួយសម្រាល បន្ទុកយោធិនដែលជាម្ចាស់រថយន្តចង្កូតកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដែលត្រូវធ្វើការប្តូរចង្កូតពីស្ដាំមកឆ្វេង និងបង់ពន្ធ អាករនាំចូល តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឲ្យ រថយន្តទាំងនោះទទួលបាននូវភាពស្របច្បាប់ក្នុងការធ្វើចរាចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នកងយោធពលខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោក បានប្រជុំពិភាក្សាជាមួយឧកញ៉ា តែ តាំងប៉ អគ្គនាយកក្រុមហ៊ុន S.T.P INTERNATIONAL ដើម្បីរកដំណោះស្រាយក្នុងការបញ្ចុះតម្លៃលើការប្តូរចង្កូតរថយន្តពីស្តាំមកឆ្វេងតាមលក្ខណៈបច្ចេកទេស និងស្តង់ដាសុវត្ថិភាពរថយន្ត ។

ជាលទ្ធផល លោកឧកញ៉ា តែ តាំងប៉ បានយល់ព្រមធ្វើការបញ្ចុះតម្លៃពិសេសលើថ្លៃប្តូរចង្កូតរថយន្ត សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំក្រោមផ្លាកលេខ ខ.ម. ទៅតាមប្រភេទ និងឆ្នាំផលិត ដោយធានាលើគុណភាពសម្ភារៈ លក្ខណៈបច្ចេកទេស និងស្តង់ដាសុវត្ថិភាពរថយន្ត ដើម្បីអាចធ្វើចរាចរណ៍លើដងផ្លូវប្រកបដោយសុវត្ថិភាព។
ម្ចាស់រថយន្តចង្កូតស្តាំ ដែលមានបំណងស្នើសុំអន្តរាគមន៍បញ្ចុះតម្លៃលើការប្តូរចង្កូតរថយន្ត ត្រូវធ្វើសំណើ គោរពជូន ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ដើម្បីបំពេញលក្ខខណ្ឌទទួលបានការបញ្ចុះតម្លៃនេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប











