Friday, May 27, 2022

កម្ពុជា ត្រូវការបុគ្គលិកបម្រើសេវាសង្គមជាច្រើននាក់បន្ថែមទៀត ដើម្បីបំរើការងារផ្នែកសេវាសង្គមកិច្ច

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំបើកសិក្ខាសាលា ពិគ្រោះយោបល់ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីកម្លាំង សេវាសង្គម នៅ កម្ពុជា ២០២២-២០៣១ នៅទីស្តីការក្រសួងសង្គមកិច្ច កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានបង្ហាញថា កម្ពុជា នៅត្រូវការបុគ្គលិកសេវាសង្គមកិច្ច រាប់ពាន់នាក់បន្ថែមទៀត ដើម្បីបំរើការងារលើផ្នែកនេះ។​

មន្រ្តីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងសេច​ក្តីត្រូវការ នៅក្នុងសង្គមបច្ចុប្បន្ន កម្ពុជាគួរមានបុគ្គលិកសេវាសង្គមអាជីព ឬ បុគ្គលិកសេវាសង្គម អាជីពរង១ ឬ ២នាក់ សម្រាប់ ឃុំ ឬ សង្កាត់មួយ។

ជាមួយគ្នានេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងពីសារសំខាន់នៃបុគ្គលិក សេវាសង្គមកិច្ចថា «បុគ្គលិក សេវាសង្គមកិច្ច ដែលត្រូវបានបណ្តុះបណ្តាលបានល្អ ជាអ្នកដែលគាំទ្រ និង លើកកម្ពស់ សុខុមាលភាព កុមារ ស្ត្រី ជនមានពិការភាព ជនចាស់ជរា គ្រួសារ និងសហគមន៍ ជាដើម។

បើយោងតាមការលើកឡើងរបស់ប្រធានអនុគណៈកម្មការជំនួយសង្គម និងជា រដ្ឋលេខាធិការក្រសួងសង្គម​កិច្ច ឯកឧត្តម សំហេង បុរស​ បានលើកឡើងថា​ សង្គមមួយ ដែលល្អ គេត្រូវការបុគ្គលិកសេវាសង្គមកិច្ចម្នាក់ ក្នុងចំណោមមនុស្ស ៥០០នាក់ នៅក្នុងសង្គម។ ឯកឧត្តម​ បន្តថា នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ទើបតែមានបុគ្គលិក សេវាសង្គមកិច្ច ម្នាក់ ក្នុងចំណោមមនុស្សប្រមាណ ជា មួយម៉ឺននាក់ ពោលគឺ កម្ពុជាពិតជានៅត្រូវការ បុគ្គលិកសេវាសង្គមនេះជាច្រើនទៀត ដើម្បីបំពេញសេចក្តីត្រូវការផ្នែកសេវាសង្គមកិច្ចនេះ។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនេះ បច្ចុប្បន្ន កម្ពុជា មានវិទ្យាស្ថានជាតិសង្គមកិច្ច និងមហាវិទ្យាល័យ បាន និងកំពុងបណ្តុះបណ្តុះអ្នកជំនាញ សេវាសង្គមកិច្ចនេះ ហើយក្រសួងសង្គមកិច្ច ក៏នឹងពិភាក្សា ជាមួយមហាវិទ្យាល័យ មួយចំនួនទៀត ដើម្បីបញ្ចូល ជំនាញសេវាសង្គមកិច្ចនេះ ទៅក្នុងកម្មវិធីសិក្សា នៃមហាវិទ្យាល័យទាំងនោះ សំដៅបង្កើនធនធានមនុស្ស ផ្នែកសេវាសង្គមកិច្ចនេះ៕​