Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ៖ តែងតាំង​ក្រុមប្រឹក្សាភិបាល​នៃ​ទូរគមនាគមន៍​កម្ពុជា ដើម្បី​ពង្រីក​ការងារ​អាជីវកម្ម​នៅក្នុង​ទីផ្សារ​ប្រកួតប្រជែង​

​​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានចាត់ទុក​ការប្រកាស​តែងតាំង​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា​ថ្មី​នៅ​ពេល​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការគាំទ្រ និង​ការបន្ត​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​អាណាព្យាបាល​ចំពោះ​ទូរគមនាគមន៍​កម្ពុជា​ក្នុង​ការពង្រឹង និង​ពង្រីក​ការងារ​អាជីវកម្ម​នៅក្នុង​ទីផ្សារ​ប្រកួតប្រជែង ព្រមទាំង​បន្ត​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​។​

​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​តែងតាំង​ក្រុមប្រឹក្សាភិបាល សម្រាប់​អាណត្តិ​ទី​៥ របស់​ទូរគមនាគមន៍​កម្ពុជា ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ សាលប្រជុំ​ទូរគមនាគមន៍​កម្ពុជា ដោយ​ក្នុង​នោះ លោក​សុខ ពុទ្ធិ​វុ​ធ តំណាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រធាន​។​

​ពិធី​ប្រកាស​តែងតាំង​ក្រុមប្រឹក្សាភិបាល នៃ​ទូរគមនាគមន៍​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៥ មាន​សមាសភាព​ដូចខាងក្រោម​៖
-​លោក សុខ ពុទ្ធិ​វុ​ធ តំណាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រធាន​
-​លោក កឹម​រ័ត្ន វិសិដ្ឋ តំណាង​ទីស្ដីការគណៈរដ្ឋមន្ត្រី សមាជិក​
-​លោក ជា ម៉ានិត តំណាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សមាជិក​
-​លោក ជា វុ​ធណា តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សមាជិក​
-​លោក យឿន ឌី​ណា តំណាង​ក្រសួង​ការពារជាតិ សមាជិក​
-​លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា សមាជិក​
-​លោក សរ ធូរី តំណាង​និយោជិត​ទូរគមនាគមន៍​កម្ពុជា សមាជិក​។​

​ក្នុងឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី បាន​ផ្តល់​ជា​អនុសាសន៍​ដល់​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង​និយោជិក​ទូរគមនាគម​ន៍​កម្ពុជា​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការលើកកម្ពស់​ការផ្ដល់​សេវា​ជូន​អតិថិជន​ប្រកបដោយ​ស្មារតី​ម្ចាស់ការ ភក្ដីភាព និង​មាន​សីលធម៌​ក្នុង​វិជ្ជាជីវៈ​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​បម្រើ​អតិថិជន​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​។ ថ្នាក់ដឹកនាំ និង​និយោជិក​ទាំងអស់​ត្រូវ​មាន​ទស្សនាទាន​ផ្លាស់ផ្ដូរ​ឥរិយាបថ និង​ផ្នត់គំនិត​ពី “​មន្ត្រីរាជការ​” ទៅជា “​អ្នកផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​” ប្រកប​ដោយ​ភាពស្មោះត្រង់ និង​ទាន់​ពេលវេលា​។ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​អ្នកបម្រើ​អតិថិជន​តាមរយៈ​ការធានា​ឲ្យបាន​នូវ​គុណភាព​នៃ​សេវា​គ្រប់​ប្រភេទ និង​ភាពរហ័សរហួន​នៃ​ការផ្ដល់​សេវា ជា​ពិសេស​ត្រូវ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា​នូវ​រាល់​ទង្វើ​អសកម្ម​ទាំងឡាយ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់អារម្មណ៍​អតិថិជ​ន និង​កិត្តិយស ព្រមទាំង​សេចក្ដីថ្លៃថ្នូ​របស់​ទូរគមនាគមន៍​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​ផ្តល់​ជា​គំនិត​ខ្លះៗ​ដែល​ជា​ធាតុ​ចូល​សម្រាប់​ការអនុវត្ត ដើម្បី​រួមចំណែក​ដល់​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដូចខាងក្រោម​៖ ១- បន្ត​រក្សា​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វប្បធម៌​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុង​។ ២- ក្រុមប្រឹក្សាភិបាល អគ្គនាយក ថ្នាក់ដឹកនាំ និង​និយោជិត​តាម​បណ្តា​នាយកដ្ឋាន អង្គភាព​ក្រោម​ឱវាទ​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​តាម​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន​ដើម្បី​ឱ្យ​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។ ៣- ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ត្រូវ​ចូលរួម​ជាមួយ​និយោជិត​ក្នុង​ការដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​ជា​ពិសេស​កា​រងារ​បច្ចេកទេស និង​អាជីវកម្ម​ដែល​កំពុង​មាន​ភាព​ប្រកួតប្រជែង​។ ៤- ពង្រីក​តំបន់​សេវា​គ្របដណ្តប់ និង​ពង្រីក​ទីតាំង​អាជីវកម្ម​គ្រប់​ខេត្ត​-​ក្រុង ឲ្យនៅ​កៀក​ជាប់​ជាមួយ​អតិថិ​ជន និង​ពង្រឹង​ការងារ​ផ្នែក​អាជីវកម្ម​ឲ្យមាន​លក្ខណៈ​បត់បែន និង​រស់​រវើក​(Flexible)​។ ៥- សហការ​ជាមួយ​សាជីវកម្ម​កូរ៉េ KT ដើម្បី​បង្កើន​សេវាកម្ម​ថ្មីៗ​បន្ថែមទៀត​។ ៦- ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ការងាររដ្ឋបាល អាជីវកម្ម និង​បច្ចេកទេស ដោយ​ចាត់តាំង​និយោជិត​ឲ្យ​ត្រូវតាម​ជំនាញ និង​លើកទឹកចិត្ត​និយោជិត​ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​។ ៧- ពង្រឹង​ការប្រមូល​ចំណូល​គ្រប់​ប្រភេទ និង​ទារបំណុល ព្រមទាំង​កាត់​បន្ថយ​ចំណាយ​ដែល​មិនសូវ​ចាំបាច់​។ ៨- បន្ត​កិច្ចសហការ​ជាមួយ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដើម្បី​ដោះស្រាយ​បញ្ហា​រអាក់រអួល​ផ្នែក​បច្ចេកទេស និង​ពង្រឹង​គុណភាព​សេវា​របស់​ខ្លួន និង​រក​ដៃគូ​សហការ​វិនិយោគ​។​

៩- បន្ត​ចែករំលែក​បទពិសោធន៍​ការងារ និង​បណ្តុះបណ្តាល​និយោជិត​ឲ្យមាន​ជំនាញ​ខ្ពស់​ក្នុង​វិជ្ជាជីវៈ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​