Thursday, July 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ២លានដូសបន្ថែមទៀត ហើយថា ចិនជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន ២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខណ:ប្រទេសចិន បានក្លាយជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្នុងជំនួបជាមួយសម្ដេចតាមទូរស័ព្ទ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានបង្ហាញការប្តេជ្ញាចិត្តមុតមាំថា រដ្ឋាភិបាល និងប្រជាជនចិន នៅតែបន្តផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខារពេទ្យផ្សេងៗទៀតដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី ៥ឆ្នាំឡើង សរុបចំនួនជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។

គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅ វ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសចិន ទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣៤លាន ៨សែនដូស, ក្នុងនោះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស, ជាមួយគ្នានេះ ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន បានផ្តល់ជំនួយមកកម្ពុជាចំនួន ៥០ម៉ឺនដូស។

គួរបញ្ជាក់ថា ប្រទេសចិន បានក្លាយជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជា និងក៏ជាប្រទេសផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជា គឺបញ្ជូនវ៉ាក់សាំងលើកដំបូង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយពេលនេះ កម្ពុជាបានជ្រើសយកប្រទេសចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×