ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពង្រឹងសន្តិសុខលម្ហសមុទ្រសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជំរុញឱ្យបន្តពង្រឹងទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រឱ្យបានរឹងមាំ និងចូលរួមទប់ស្កាត់ បង្ក្រាប បទល្មើសលើផ្ទៃសមុទ្រ ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងត្រូវចងក្រងនូវបណ្តាឈ្មោះកោះទាំងឡាយជារបស់កម្ពុជា ទុកជា ឯកសារប្រវត្តិសាស្ត្រ ប្រាកដនិយម។

ការជំរុញស្មារតី ពង្រឹងសន្តិសុខបែបនេះ របស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អំពីសមិទ្ធផលការងារប្រចាំឆ្នាំ ២០២០-២០២១ តាមប្រព័ន្ធវីដអូ ZOOM កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា អគ្គលេខាធិការដ្ឋាន ជាសេនាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមជាមួយនឹងទីបញ្ជាការជួរមុខ ដែលជាប្រតិបត្តិករ ត្រូវបំពេញនូវភារកិច្ចស្នូល ក្នុងកិច្ចការសម្របសម្រួលកិច្ចប្រតិបត្តិការ នៃកម្លាំងចម្រុះរបស់បណ្តាស្ថាប័នជំនាញពាក់ព័ន្ធទៅតាមផែនការ សកម្មភាព ក៏ដូចជាផែនការយថាភាព ឱ្យបានសកម្ម ខ្ជាប់ខ្ជួន ក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសផ្សេងៗ ដែលកើតមាននៅលើលម្ហដែនសមុទ្រកម្ពុជា ឱ្យមានប្រសិទ្ធិភាព។

ទាក់ទងទៅនឹងការធ្វើកំណត់ត្រាចំនួនកោះទាំងឡាយ ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេស គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយ ដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះរួចហើយ ដោយត្រូវថតរូបទុក និងដាក់ឈ្មោះជាភាសារខ្មែរ និងបរទេស ដែលធ្លាប់ហៅតាំងពីពេលមុនៗ រហូតមកដល់បច្ចុប្បន្ន ឲ្យបានច្បាស់លាស់ក្នុងដែនទឹកកម្ពុជា។
ឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាអគ្គលេខាធិការរង និងជាប្រធានក្រុមការងារបច្ចេកទេស គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបង្ហាញសមិទ្ធផលការងារ ឆ្នាំ២០២០-២០២១ របស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រថា ការផ្ទៀងផ្ទាត់ និងរាប់ចំនួនកោះ ត្រូវបានធ្វើបញ្ចប់ទាំងស្រុងដោយមានការឯកភាព និងចុះហត្ថលេខា ដោយអភិបាលខេត្តទាំង៤ ជាមួយនឹងប្រធានក្រុមការងារបច្ចេកទេស គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ ថ្ងៃការពារ រួមមាន ការងារជំនាញផ្នែកមុជទឹក, ការហ្វឹកហ្វឺន, ការជួយសង្គ្រោះ, ការស្រាវជ្រាវ គាំពារបរិស្ថាន និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











