Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ-១៩

ភ្នំពេញ៖ ក្រសួងផែនការ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជា ឆ្នាំ២០១៩-២០២០ , ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ សម្រាប់កម្ពុជា មានចំនួន ១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ, អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ-១៩។

ក្រសួងផែនការ សហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វិធីសាស្រ្តថ្មីសម្រាប់គណនាអត្រាភាពក្រីក្រនៅកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ២០២០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ។

ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រថ្មីដោយប្រើប្រាស់ ទិន្នន័យពីការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ សម្រាប់កម្ពុជា មានចំនួន ១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។ ផ្អែកលើមូលដ្ឋាននៃខ្សែបន្ទាត់ ភាពក្រីក្រថ្នាក់ជាតិ ខ្សែបន្ទាត់ភាពក្រីក្រតាមតំបន់មានដូចខាងក្រោម៖

  • ១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ នៅរាជធានីភ្នំពេញ
  • ៩ ៥៧១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ នៅតំបន់ទីប្រជុំជនផ្សេងទៀតនិង
  • ៨ ៩០៨រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ នៅតំបន់ជនបទ

ប្រជាជនប្រមាណ១៧,៨% នៃប្រជាជនសរុបបានរស់ក្រោមខ្សែបន្ទាត់នេះ ក្នុងឆ្នាំ២០១៩ ២០២០ ក្នុងនោះ អត្រាភាពក្រីក្រនៅ ៖

  • រាជធានីភ្នំពេញ ៤,២%
  • តំបន់ទីប្រជុំជនផ្សេងទៀត ១២,៦%
  • តំបន់ជនបទ ២២,៨%

ខ្សែបន្ទាត់ភាពក្រីក្រសម្រាប់កម្ពុជា ត្រូវបានកំណត់ដំបូងនៅឆ្នាំ ១៩៩៧ ដោយប្រើប្រាស់ ទិន្នន័យពីអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ១៩៩៣-១៩៩៤។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើ ប្រាស់សម្រាប់វាស់វែងកម្រិតនៃភាពក្រីក្រនៅកម្ពុជា រហូតដល់ឆ្នាំ២០០៨។ ដោយសារសេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងអំឡុងពេលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចចិត្ត ធ្វើការកំណត់ខ្សែបន្ទាត់ក្រីក្រឡើងវិញសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣.ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០០៩។ ខ្សែបន្ទាត់ភាពក្រីក្រនេះ ត្រូវបានប្រើប្រាស់ សម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន (ដោយបានកែសម្រួលតាមកម្រិតអតិផរណា ) នៃថ្លៃទំនិញ ក្នុងឆ្នាំនីមួយៗ) ។

ក្រុមការងារជាតិសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជា ក្រោមការដឹកនាំរបស់ក្រសួងផែនការ និងមានការសហការយ៉ាងជិតស្និទ្ធជាមួយធនាគារពិភពលោក បានចាប់ផ្តើមពិនិត្យមើលនិងកែសម្រួលវិធីសាស្ត្រសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជាក្នុងឆ្នាំ២០១៧។

ការពិនិត្យមើលឡើងវិញនេះ បានចង្អុល បង្ហាញថា ការអភិវឌ្ឍយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជាក្នុងទសវត្សរ៍កន្លងទៅ ធ្វើឱ្យមានការប្រែប្រួលគួរឱ្យ កត់សម្គាល់នូវការចំណាយលើការប្រើប្រាស់ ដូចជាការចំណាយច្រើនជាងមុនលើការសិក្សា, សុខភាព, លំនៅឋាន, ទូរស័ព្ទផ្ទាល់ខ្លួន និងអ៊ិនធឺណិត ដើម្បីបំពេញតាមតម្រូវការមូលដ្ឋាន រួមទាំងការចំណាយលើ ការប្រើប្រាស់របស់ក្រុមជនក្រីក្រផងដែរ។

បន្ថែមលើនេះទៀត កម្ពុជាបានក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប ដោយមានផលទុនជាតិសរុបក្នុងមនុស្សម្នាក់ ១.០៧០ដុល្លារក្នុងឆ្នាំ២០១៥ ដែលខ្ពស់ជាងកម្រិតអប្បរមារបស់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ១០២៥ដុល្លារ។

ភស្តុតាង ទាំងនេះបញ្ជាក់ថា កម្ពុជាគួរមានខ្សែបន្ទាត់ភាពក្រីក្រថ្មីសម្រាប់ប្រើប្រាស់ជាចំណុចចាប់ផ្ដើម ដើម្បីតាម ដានត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩- ២០២៣ និង លទ្ធផលនៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក.) ២០១៦-២០៣០។

ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួល នៃការចំណាយលើការប្រើប្រាស់របស់ក្រុមជនក្រីក្រ និងធ្វើឱ្យ ប្រសើរឡើងវិធីសាស្ត្រសម្រាប់វាស់វែងភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្ត៖ (១) កែលម្អ កម្រងសំណួរការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០ ដើម្បីទទួលបានព័ត៌មានប្រសើរ ជាងមុន ស្តីពីការប្រើប្រាស់ម្ហូបអាហារ ដោយប្រើបញ្ជីលម្អិត និងកត់ត្រាពីបរិមាណប្រើប្រាស់នៃមុខទំនិញ នីមួយៗ (២)កែសម្រួលវិធីសាស្ត្រសម្រាប់វាស់វែងភាពក្រីក្រ ដើម្បីឱ្យមានសង្គតិភាពទៅនឹងវិធីសាស្ត្រលុ អៗ ដែលបានអនុវត្តនៅក្នុងតំបន់និងសាកលលោក។ វិធីសាស្ត្រដែលកែសម្រួលនេះបានផ្តោតលើ ចំណុចសំខាន់ៗចំនួនពីរ គឺ (ក) បង្កើតការចំណាយលើការប្រើប្រាស់សរុបថ្មីមួយ ដែលដាក់បញ្ចូលនូវ តម្លៃប៉ាន់ស្មានថ្លៃជួលផ្ទះ និង តម្លៃប៉ាន់ស្មានការប្រើប្រាស់សម្ភារប្រើប្រាស់បានយូរ និង (ខ) ការអនុវត្តវិធី សាស្ត្រចំណាយលើតម្រូវការមូលដ្ឋាននិងកន្ត្រករួម ដើម្បីកំណត់ខ្សែបន្ទាត់ភាពក្រីក្រ។

អត្រាភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះពីការរីករាលដាលនៃមេរោគកូវីដ-១៩។ ការរីករាលដាលកូវីដ-១៩ លើសេដ្ឋកិច្ចកម្ពុជា ដែលបានចាប់ផ្ដើមពីដើមឆ្នាំ ២០២០ តាមរយៈការបង្កផលប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់លើវត្ថុធាតុដើមសម្រាប់ការផលិតផលិតផល នាំចេញ ការថយចុះការបញ្ជាទិញពីក្រៅប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរប៉ុន្តែផលប៉ះពាល់ លើកម្រិតជីវភាពរស់នៅរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្តើមពីខែមេសាឆ្នាំ២០២០ នៅពេលដែល វិធានការណ៍ការរឹតបន្តឹងនានាត្រូវបានអនុវត្ត៕រក្សាសិទ្ធិដោយ ៖ កូលាប

×