Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព និងជាពិសេសយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដើម្បីការពារជម្ងឺឆ្លងផ្សេងៗ

ភ្នំពេញ ៖ សារសំឡេងពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព និងជាពិសេសយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដើម្បីការពារជម្ងឺឆ្លងផ្សេងៗ ជាពិសេសជម្ងឺកូវីដ១៩ នៅក្នុងរដូវរងារនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យយកចិត្តទុកដាក់ចំពោះសុខភាព របស់មនុស្សចាស់ដែលគ្មានទីពឹង តាមរយៈការផ្តល់នូវសម្ភារៈចាំបាច់ ដូចជាមុង ភួយ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅក្នុងរដូវរងា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ខ្ញុំសូមអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ដែលពុំមានទីពឹង មានន័យថាមនុស្សចាស់ដែលពុំមានកូនចៅនៅជិត ត្រូវផ្តល់នូវសម្ភារៈចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ នៅក្នុងកាលៈទេសៈដែលត្រូវឆ្លងកាត់ក្នុងដំណាក់កាលនៃរដូវរងានេះ។ សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ក៏ជាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ទៅលើអ្នកដែលពុំមានទីពឹង ដែលពួកគាត់ងាយនឹងរងគ្រោះដោយសារជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ចៅអធិការវត្តទាំងអស់ សូមយកចិត្តទុកដាក់ ចំពោះលោកយាយជីតាជី ដែលបានទៅសុំសីល៍ នៅតាមទីវត្តអារាម ធ្វើឲ្យយ៉ាងណាផ្តល់ភាពកក់ក្តៅឲ្យពួកគាត់ តាមរយៈការផ្តល់ជាភួយ ជាមុង ក្នុងរដូវត្រជាក់នេះ។ ចំពោះព្រះសង្ឃដែលមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផងដែរ។

សម្តេចតេជោបញ្ជាក់ថា រដូវរងាតែងតែនាំមកនូវជំងឺផ្សេងៗ ពិសេសជំងឺផ្តាសាយ ដែលជំងឺផ្តាសាយនេះ នឹងងាយនាំមកនូវការឆ្លងជំងឺកូវីដ១៩។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អក្នុងរដូវរងា ក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់នៃជំងឺកូវីដ១៩ នៅឡើយ៕រក្សាសិទ្ធិដោយ ៖ កូលាប