ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា រដូវរងារតែងនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនៅក្នុងពេលកំពុងកើតមានជំងឺកូវីដ១៩នេះ វាងាយនាំទៅដល់ការឆ្លងនៃជំងឺកូវីដ១៩ ពិតប្រាកដ។ ដូច្នេះជារួមសារមួយនេះ ខ្ញុំសម្តៅអំពាវនាវជូនចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ការពារសុខភាពក្នុងរយៈពេលនៃរដូវរងារ រដូវរំហើយនេះ ដែលធម្មតាតែងតែមានជំងឺឆ្លង។
សារសំឡេងពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព និងជាពិសេសយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដើម្បីការពារជម្ងឺឆ្លងផ្សេងៗ ជាពិសេសជម្ងឺកូវីដ១៩ នៅក្នុងរដូវរងារនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីបារម្ភមានការផ្ទុះរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នាពេលខាងមុខនេះ។ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាយកចិត្តទុកដាក់ថែទាំសុខភាព និងបន្តអនុវត្តវិធានសុខាភិបាល ជាពិសេស ៣ការពារ និង៣កុំ ឱ្យបានខ្ពស់ ដើម្បីធានាថា មិនមានការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា បើទោះបីមិនទាន់មានការសិក្សាច្បាស់លាស់តាមបែបវិទ្យាសាស្ត្រក៏ដោយចុះ ក៏ប៉ុន្តែតាមបទពិសោធន៍ប្រទេសមួយចំនួននៅពេលរដូវត្រជាក់បានចាប់ផ្តើមជំងឺឆ្លងតែងកើតមាន។
សម្តេចតេជោ បានបន្ថែមថា សម្រាប់នៅកម្ពុជាបើទោះបីពេលបច្ចុប្បន្ន ជំងឺកូវីដ១៩ បានធូរស្រាល ប៉ុន្តែការឆ្លងនៃជំងឺនេះមិនទាន់បានបញ្ចប់នៅឡើយទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ទប់ស្កាត់ និងការពារឱ្យបានខ្ពស់។
សម្តេចតេជោ បានថ្លែងបន្តថា នៅក្នុងដំណាក់ដែលប្រទេសយើងពុំទាន់បានបញ្ចប់នូវជំងឺកូវីដ១៩ ហានិភ័យនៅមានខ្ពស់នៅឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមានការយកចិត្តទុកដាក់ថែទាំសុខភាព គឺយើងអាចនឹងឆ្លងកាត់បាននៅក្នុងដំណាក់កាលដែលនឹងមកដល់ពេលខ្លីខាងមុខនេះ។
ប្រមុខរាជរដ្ឋាភិបាលក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលនឹងត្រូវមានដំណើរកម្សាន្តក្នុងឱកាសឈប់សម្រាកបុណ្យអ៊ំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុកនេះ ក៏ត្រូវថែទាំសុខភាពឱ្យបានខ្ពស់។ ជាពិសេសអនុវត្តតាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល រួមទាំងវិធានការ ៣ការពារ និង៣កុំ ដើម្បីធានាថា មិនឆ្លងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តី និងជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ចូលរួមថែទាំសុខភាព ការពារការរាតត្បាតជំងឺកូវីដ១៩ ហើយទទួលបានផលទាំងអស់គ្នាពីកិច្ចប្រឹងប្រែងថែទាំសុខភាពមួយនេះ៕ រក្សាសិទ្ធិដោយ៖ កូលាប