ភ្នំពេញ ៖ សង្ស័យរំសាយគំនុំចាស់ ទើបធ្វើឲ្យប្រជាការពារសង្កាត់បឹងទំពន់ទី២ បើកឆាកប្រយុទ្ធគ្នា បណ្តាលឲ្យប្រជាការពារវ័យចំណាស់ម្នាក់ បានស្លា.ប់ ខណ:ពេលក្រុមគ្រួសារបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងសាលាសង្កាត់បឹងទំពន់ទី២ ផ្លូវលេខ៦៩BT ក្រុមទី៥ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរប្រជាការពារសង្កាត់បឹងទំពន់ទី២ ស្នាក់នៅផ្ទះលេខ២០៤ ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។
ចំណែកជនរងគ្រោះ មានឈ្មោះអេម វន ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរប្រជាការពារសង្កាត់បឹងទំពន់ទី២ ស្នាក់នៅផ្ទះលេខ២១៨ ភូមិព្រែកតាគង់១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា នៅយប់មុនពេលកើតហេតុ ជនរងគ្រោះបានប្រាប់កូនស្រីរបស់គាត់ថា ឪទៅយាមនៅសាលាសង្កាត់ហើយកូន លុះម៉ោងប្រហែលជាង៨ ស្រាប់តែមានប្រជាការពារម្នាក់ បានតេប្រាប់កូនស្រីរបស់ជនរងគ្រោះថា ឪពុករបស់ក្មួយឯង ត្រូវគេវា.យសន្ល.ប់បាត់ស្មារតីហើយ គ្រាន់តែឮដំណឹងបែបនេះភ្លាម កូនៗរបស់ជនរងគ្រោះ បាននាំគ្នារួសរាន់ទៅដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យរុស្ស៊ី តែដោយសារតែឈាមដក់នៅជាប់ខួរក្បាល ទើបបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ដឹកយកមកធ្វើការសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាឈ្លោះប្រកែក ជាមួយជនរងគ្រោះ និងបានវា.យគ្នា បណ្តាលឲ្យជនរងគ្រោះដួលដាច់ផ្ងារ ហើយកន្លងមក រូបគាត់និងជនរងគ្រោះ ធ្លាប់ឈ្លោះប្រកែកគ្នាជាច្រើនដង មកហើយដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។
ចំណែកជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

