Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតអាមេរិក ៖ មាននិស្សិតកម្ពុជា ប្រមាណជា ២២០នាក់ហើយ ដែលបានទទួលអាហារូបករណ៍ហ្វូលប្រាយ ទៅសិក្សានៅសហរដ្ឋអាមេរិក

spot_img

ភ្នំពេញ ៖ ឯកឧត្តម ប៉ាទ្រីក មើសហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា រហូតមកដល់បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជា ប្រមាណជា ២២០នាក់ហើយ ដែលបានទទួលអាហារូបករណ៍ហ្វូលប្រាយ ទៅសិក្សានៅសហរដ្ឋអាមេរិក និងបានវិលត្រឡប់មកបម្រើការងារចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដែលក្នុងចំណោមនោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏ជាអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយជំនាន់ដំបូងគេ ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក ផ្នែកសុខភាពសាធារណ:នៅសាកលវិទ្យាល័យ យែល។

ក្នុងឱកាសខួបអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយ កម្ពុជា (75th Anniversary of Fulbright Cambodian Alumni) លើកទី៧៥ នាល្ងាចថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានទទួលវិញ្ញាបនបត្រទទួលស្គាល់ និងលើកសរសើរស្នាដៃ លេចធ្លោររបស់លោកជំទាវ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងការជំរុញគោលដៅនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ (Fulbright scholarship) ដែលពិធីប្រកាសទទួលស្គាល់នេះ ត្រូវបានប្រារព្ធធ្វើឡើង និងប្រគល់ ដោយឯកឧត្តម ប៉ាទ្រីក មើសហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (Residence of H.E. Patric Murphy, Ambassador of the United States of America to the Kingdom of Cambodia) នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់។

ឯកឧត្តម ប៉ាទ្រីក មើសហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានរំលឹកពីចំណងទាក់ទងការទូត និងការផ្តល់អាហារូបករណ៍ហ្វូលប្រាយ របស់សហរដ្ឋអាមេរិក ដល់និស្សិតកម្ពុជាក្នុងរយ:ពេលកន្លងមក ដែលថ្ងៃនេះ គឺជាខួបលើកទី៧៥ នៃអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយកម្ពុជា ហើយមាននិស្សិតកម្ពុជាសរុប ប្រមាណជា ២២០នាក់ហើយ ដែលបានទទួលអាហារូបករណ៍ហ្វូលប្រាយនេះ ទៅសិក្សានៅសហរដ្ឋអាមេរិក និងបានវិលត្រឡប់មកបម្រើការងារចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដែលក្នុងចំណោមនោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏ជាអតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយជំនាន់ដំបូងគេ ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក ផ្នែកសុខភាពសាធារណ:នៅសាកលវិទ្យាល័យ យែល (Yale University, USA) នៃរដ្ឋខុននិចធីខាត់ (Connecticut) ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ។

ក្រោយពីបានទទួលវិញ្ញាបនបត្រទទួលស្គាល់ស្នាដៃលេចធ្លោរពីឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករួចមក លោកជំទាវ រដ្ឋលេខាធិការ ឱ វណ្ណឌីន បានលើកឡើងថា៖ ការទទួលស្គាល់ស្នាដៃលេចធ្លោនាពេលនេះ គឺមិនអាចកាត់ផ្តាច់ចេញបានពីការចិញ្ចឹមបីបាច់ថែបំប៉ន និងផ្តល់ឱកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ខ្លាំងនោះឡើយ។

លោកជំទាវ ក៏បានមានប្រសាសន៍ផងដែរថា៖ “ ខ្ញុំនៅចងចាំបានថា ខ្ញុំជាស្ត្រីខ្មែរដំបូងគេដែលបានទទួលអាហារូបករណ៍ Fulbright ដ៏មានកិត្យានុភាពមួយនេះ ទៅសិក្សានៅសាកលវិទ្យាល័យយេល (Yale University) នៃសហរដ្ឋអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈរបស់ខ្ញុំ ពីពាក់កណ្តាលឆ្នាំ 1994 ដល់ពាក់កណ្តាលឆ្នាំ 1996 ។ បទពិសោធន៍ រៀនសូត្រដែលខ្ញុំទទួលបានពីកម្មវិធីនេះ បានបង្កើនឡើងនូវសមត្ថភាព របស់ខ្ញុំយ៉ាងខ្លាំងដែលជំនាញ និងចំណេះដឹងរបស់ខ្ញុំត្រូវបានវិវឌ្ឍន៍គ្រប់ពេលវេលា ជាមួយនឹងក្តីមេត្តា ការលះបង់ ការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ ការជឿទុកចិត្តពីមនុស្សម្នា ទាំងឡាយ ហើយសំខាន់ជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ អន្តរកម្មដែលខ្ញុំមាន គឺខ្ញុំបានធ្វើអ្វីៗ រួមទាំងការលះបង់ជីវិតគ្រួសារផ្ទាល់ខ្លួនរបស់ខ្ញុំ ជាមួយប្រជាជនរបស់ខ្ញុំផ្ទាល់ ក្នុងការជួយពួកគេរាល់ថ្ងៃ មិនថាពេលថ្ងៃ ឬយប់ ទោះបីខ្ញុំកម្របានសម្រាកគ្រប់គ្រាន់ក៏ដោយ។ ខ្ញុំមិនអាចភ្លេចបានទេថា រាជរដ្ឋាភិបាលកម្ពុជា បានចិញ្ចឹម និងជួយខ្ញុំ ដើម្បីឱ្យខ្ញុំបានចេញពីជ្រលងមរណៈ និងគ្រោះអវិជ្ជា បន្ទាប់ពីសម័យប៉ុលពត ហើយផ្តល់ឱកាសឱ្យខ្ញុំ បានរៀនសូត្របន្ថែមទៀត និងរួមចំណែកជួយប្រជាជនខ្ញុំ ដែលទឹកចិត្ត ខ្ញុំ គឺនៅជាមួយប្រជាជនក្តីបារម្ភរបស់ខ្ញុំ គឺសុខភាពប្រជាជនការយកចិត្តទុកដាក់របស់ខ្ញុំ គឺដើម្បី ប្រជាជនហើយទង្វើរបស់ខ្ញុំ គឺជួយប្រជាជនរបស់ខ្ញុំ ។ នោះជាអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ និងអ្វីដែលកម្មវិធី Fulbright បានជះឥទ្ធិពលមកលើខ្ញុំ ដែលខ្ញុំអាចឈរបានរហូតមកដល់ពេលនេះ។ ខ្ញុំកំពុងបន្តដំណើររបស់ខ្ញុំ ក្នុងនាមជាអ្នកដឹកនាំផ្នែកសុខភាពសាធារណៈមួយរូប ហើយខ្ញុំនឹងធ្វើអ្វីៗ ដែលខ្ញុំអាចធ្វើបាន ដើម្បីជួយប្រជាជន និងប្រទេសរបស់ខ្ញុំ។ សូមអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់អាហារូបករណ៍ ដ៏ល្បីល្បាញនេះដល់រូបខ្ញុំ ដល់និសិត្សកម្ពុជា និងសូមអរគុណដល់អតីតនិស្សិតអាហារូបករណ៍ហ្វូលប្រាយទាំងអស់ ដែលបានបោះឆ្នោត ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងបង្កើតស្នាដៃជួយប្រទេសជាតិ និងជួយប្រជាជនកម្ពុជា របស់ខ្ញុំ ជាពិសេសក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ និងសូមឱ្យអ្នកទាំងអស់គ្នា ដែលមានវត្តមានក្នុងថ្ងៃនេះ និងប្រជាជនកម្ពុជាមានសេចក្តីសុខ សុខភាពល្អ និងចៀសផុតពីជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×