ជឿថាប្រិយមិត្តជាអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាបានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលរួចហើយ ចំពោះវត្តមានដ៏កម្រ របស់សត្វកេងកងមួយហ្វូង ដែលបានបង្ហាញខ្លួននៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីអំឡុងដើមខែធ្នូ ឆ្នាំ២០២០។
តែយ៉ាងណាមិញ ជាមួយវត្តមានរបស់ហ្វូងសត្វកេងកងដ៏កម្រនោះ គេពុំបានដឹងពីប្រភពនៃទីជម្រករបស់ពួកវា ស្ថិតនៅកន្លែងណានោះទេ។ ប៉ុន្តែ ទន្ទឹមនឹងនេះ អ្នកលេងបណ្តាញសង្គមមួយចំនួនដែលហាក់បានដឹងពីប្រភព បានប្រាប់ថា ពួកវាមានម្ចាស់គេថែករក្សាត្រឹមត្រូវ។ រីឯអ្នកខ្លះទៀត ក៏បានប្រាប់ថា ហាមប៉ះពាល់ពួកវាឲ្យសោះ ព្រោះម្ចាស់របស់ពួកវាគឺ «បងធំ» យើងម្នាក់តើបងធំណាទៅន៎!?។
ដោយឡែក ថ្មីៗនេះ វត្តមានសត្វកេងមួយហ្វូង ដែលមិនដឹងថាជាពពួកសត្វកេងដដែល ឬយ៉ាងណានោះទេ បានធ្វើឲ្យក្រុមគ្រូពេទ្យ និងអ្នកជំងឺ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ខណៈបានឃើញពួកវាបានហើរមកទុំតាមបង្កាន់ដៃនៃអគារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។
នេះបើតាមលោកគ្រូពេទ្យម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kith Koeung បានបង្ហោះរូបភាពពីទិដ្ឋភាពហ្វូងសត្វកេងកងទាំងនោះ ដោយភ្ជាប់ Caption ថា៖ «ព្រលឹមឡើង សត្វកេងកង មកសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាលកូវីត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



