ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកាមរីបាឡែន ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បា.ក់មួយកង់ ចំណែករថយន្តខូចខាតខ្ទេ.ចមួយកំណាត់មុខ ស្ទើរទាំងស្រុង និងបែកពោងសុវត្ថិភាពខាងក្នុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ចំណុចនៅនឹងស្តុបគីរីរម្យ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ព៌ណសដែលពាក់ផ្លាកលេខភ្នំពេញ 2AP-8985 បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ចំណុចស្តុបគីរីរម្យ ស្រាប់តែរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាល យ៉ាងពេញទំហឹងបណ្ដាលឲ្យបា.ក់មួយកង់ ទៅមុខលែងរួច រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ និងបែកពោងសុវត្ថិភាព។
សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែទ្រូងផ្លូវមួយកង់ ជាទ្រព្យសម្បត្តិរដ្ឋ និងរថយន្តជារបស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹង ផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត



