Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យចំនួន៧នាក់ ទៅតុលាការ ករណីជួញដូរគ្រឿងញៀន , ២នាក់ធ្លាប់ជាប់គុក

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រតិបត្តិការរយ:ពេល៣ថ្ងៃ ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ , កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង១៥នាទី បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ វង្សកុសល ដោយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការសាកសួរចម្លើយជនសង្ស័យ លុះនៅវេលាម៉ោង១៩និង៥០នាទី ថ្ងៃខែឆ្នាំដដែល ផ្អែកលើចម្លើយរបស់ជនសង្ស័យ កម្លាំងបានបន្តចុះធ្វើការឆែកឆេរបន្ទប់ជួលមុខសញ្ញាជួញដូរម្នាក់ទៀតឈ្មោះ យី ណារ៉េត នៅចំណុចបន្ទប់ជួលលេខ៨C ផ្លូវ៩០៧ ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងឃាត់ខ្លួនជនសង្ស័យចំនួនចំនួន៥នាក់ ស្រី២នាក់ រួមជាមួយវត្ថុតាង។

នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បន្តធ្វើការសាកសួរចម្លើយជនសង្ស័យ លុះដល់វេលាម៉ោង២២:០៥នាទី កម្លាំងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហ៊ូ លីហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចម្តុំវត្តទួលសង្កែ ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងវត្ថុតាង។

វត្ថុតាងចាប់យក ៖ ១- ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចប់, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃចំនួន០២គ្រឿង ជារបស់ឈ្មោះ សុខ វង្សកុសល។ ២- ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៣កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១, ទូរស័ព្ទដៃ ចំនួន០៤គ្រឿង, ដាវដែក ចំនួន០១ដើម, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ ជារបស់ឈ្មោះ យី ណារ៉េត។ ៣- ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៣កញ្ចប់ធំល្មម, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន០១គ្រឿង ជារបស់ឈ្មោះ ហ៊ូ លីហេង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប