Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពសេវាពន្ធនាគារសិង្ហបុរី និងពន្ធនាគារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចែករំលែកបទពិសោធន៍ ពីវិធានការលើកកម្ពស់ភាពស៊ាំ និងសុខុមាលភាព

ភ្នំពេញ ៖ អង្គភាពសេវាពន្ធនាគារសិង្ហបុរី និងសមាគមថ្នាក់ដឹកនាំក្នុងវិស័យអប់រំកែប្រែ និងពន្ធនាគារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចែករំលែកបទពិសោធន៍ ពីវិធានការលើកកម្ពស់ភាពស៊ាំ និងសុខុមាលភាព របស់មន្រ្តីពន្ធនាគារ ក្នុងអំឡុងពេលផ្ទុះរាលដាលឆ្លង នៃជំងឺកូវីដ-១៩

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា ចូលរួមសិក្ខាសាលា ចែករំលែកបទពិសោធន៍ តាមប្រព័ន្ធ Webinar ដែលរៀបចំដោយអង្គភាពសេវាពន្ធនាគារសិង្ហបុរី និងសមាគមថ្នាក់ដឹកនាំក្នុងវិស័យអប់រំកែប្រែ និងពន្ធនាគារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Asian and Pacific Conference of Correctional Administrators) លើប្រធានបទ ស្តីពីវិធានការលើកកម្ពស់ភាពស៊ាំ និងសុខុមាលភាពរបស់មន្រ្តីពន្ធនាគារ ក្នុងអំឡុងពេលផ្ទុះរាលដាលឆ្លង នៃជំងឺកូវីដ-១៩។

យោងតាមរបាយការណ៍ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា បានឲ្យដឹងថា ចែករំលែកបទពិសោធន៍ល្អៗ និងបទពិសោធន៍ជោគជ័យ តាមរយៈការអនុវត្តកន្លងមក មានវាគ្មិនជាមន្រ្តីជាន់ខ្ពស់ ពីប្រទេសចំនួន០៤ រួមមាន៖

១. ប្រទេសកាណាដា (លោកបណ្ឌិត Larry MOTIUK អគ្គនាយករងទទួលបន្ទុកកិច្ចការគោលនយោបាយ នៃអង្គភាពសេវាអប់រំកែប្រែកាណាដា) បានធ្វើបទបង្ហាញពីប្រព័ន្ធក្របខ័ណ្ឌ ឬយន្តការកាត់បន្ថយហានិភ័យនៃជំងឺឆ្លង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកាណាដា ដោយបញ្ចូលវិធានការអនាម័យ ការចាក់វ៉ាក់សាំងជូនមន្រ្តី និងជនជាប់ឃុំ និងវិធានការការពារ និងអន្តរាគមន៍ក្នុងករណីមានការផ្ទុះរាលដាល នៃជំងឺឆ្លង ក្នុងរយៈពេល២០ខែកន្លងមក នៅប្រទេសកាណាដា។

២.ប្រទេសថៃ (លោកស្រីបណ្ឌិត Chutarut CHINTAKANONT) អ្នកជំនាញជាន់ខ្ពស់ផ្នែកឧក្រិដ្ឋវិជ្ជា ប្រធានការិយាល័យសេវាសុខាភិបាល នៃអគ្គនាយកដ្ឋានអប់រំកែប្រែថៃ បានចែករំលែកបទពិសោធន៍របស់អង្គភាពពន្ធនាគារថៃ ដែលទទួលរងការផ្ទុះរាលដាលឆ្លង នៃជំងឺកូវីដ-១៩ នៅតាមពន្ធនាគាររបស់ខ្លួន គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មានជនជាប់ឃុំឆ្លងសរុបរហូតដល់ ៧២,៧៤៣ នាក់ ឬប្រមាណ២៥% នៃចំនួនជនជាប់ឃុំសរុបទូទាំងប្រទេស។ ដើម្បីលើកទឹកចិត្តមន្រ្តី អគ្គនាយកដ្ឋានអប់រំកែប្រែថៃ បានបង្កើតគោលនយោបាយជាច្រើន រួមមាន៖ ការផ្តល់ជូនថវិកាធានារ៉ាប់រងសុខភាព និងអាយុជីវិតជូនមន្រ្តី និងគ្រួសាររបស់ពួកគេ និងគោលនយោបាយលើកទឹកចិត្តជាច្រើនទៀត។

៣. ប្រទេសនូវែលហ្សៀឡង់ (លោកជំទាវ Rachel LEOTA អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំកែប្រែនូវែលហ្សៀឡង់) ចែករំលែកបទពិសោធន៍ ពីវិធានការទប់ស្កាត់ និងបង្ការការរាលដាលឆ្លង នៃជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ តាមរយៈការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអន្តរវិស័យ សំដៅជួយអន្តរាគមន៍ភ្លាមៗចំពោះមន្រ្តី ជនជាប់ឃុំនិងសហគមន៍ពាក់ព័ន្ធ ដើម្បីសុវត្ថិភាពរួម ក្នុងពេលជាមួយគ្នានោះដែររិះរកមធ្យោបាយរក្សាទំនាក់ទំនងរវាងគ្រួសារ និងជនជាប់ឃុំ។ វិធានការថ្មីនេះបានជំរុញឲ្យនូវែលហ្សៀឡង់ ត្រូវពឹងផ្អែកលើបច្ចេកវិទ្យាទូរគមនាគមន៍ច្រើនជាងពេលណាៗទាំងអស់ សម្រាប់គាំទ្រកិច្ចប្រតិបត្តិការការងារ និងគ្រប់គ្រងជនជាប់ឃុំប្រកបដោយសន្តិសុខ សុវត្ថិភាព និងសុខភាព ដោយរក្សាសិទ្ធិអប្បបរមា ជាមូលដ្ឋានរបស់ជនជាប់ឃុំទាំងអស់មិនឲ្យបាត់បង់។
កម្មវិធី និងគោលនយោបាយគាំពារសុខុមាលភាព មន្រ្តីជួរមុខនៅតាមគោលដៅ និងមន្រ្តីធ្វើការតាមប្រព័ន្ធអនឡាញ រួមបញ្ចូលសេវាថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

៤. ប្រទេសសិង្ហបុរី (លោក Wayne FERROA អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកប្រតិបត្តិការចិត្តសាស្រ្តនៃអង្គភាពសេវាពន្ធនាគារសិង្ហបុរី)។ រដ្ឋាភិបាលសិង្ហបុរីទទួលស្គាល់ថា បញ្ហាផ្ទុះរាលដាលឆ្លង នៃជំងឺដ៏កាចសាហាវកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំមកនេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់មន្រ្តីពន្ធនាគារ ក៏ដូចជាជនជាប់ឃុំ និងគ្រួសាររបស់ពួកគេ។ ដើម្បីចាត់វិធានការឲ្យមានប្រសិទ្ធភាព ក្នុងការថែទាំសុខភាពផ្លូវចិត្តជូនមន្រ្តី និងជនជាប់ឃុំ កម្មវិធី WeWorkWell ត្រូវបានបង្កើតឡើងមានលក្ខណៈជាប្រព័ន្ធ ពីថ្នាក់អង្គភាពប្រតិបត្តិការ រហូតដល់អង្គភាពកម្រិតគោលនយោបាយ ដោយការពិនិត្យលើស្ថានភាព និងតម្រូវការជាក់ស្តែងរបស់មន្រ្តី និងជនជាប់ឃុំម្នាក់ៗ៕ រក្សាសិទ្ធិដោយ ៖ កូលាប