Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល់កុលក្លែងក្លាយ និងទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ត្រូវដកហូត និងរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ០២ ទីតាំង ប្រកបអាជីវកម្មមិនសុចរិត

ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានចេញរបាយការណ៍ ពីករណីសមត្ថកិច្ចជំនាញរឹបអូស ទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៧៨០ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៩០ លីត្រ , អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ១,១៣០ លីត្រ និងទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៤៨០ គីឡូក្រាម , រកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ០២ ទីតាំងបន្តទៀតដែលប្រកបអាជីវកម្មមិនសុចរិត។

សុខភាពជាកត្តាសំខាន់បំផុតសម្រាប់មនុស្សទូទៅដែលមិនអាចខ្វះបាន។ អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងរារាំងនូវអំពើមិនសុចរិតផ្សេងៗក្នុងធុរកិច្ចពាណិជ្ជកម្មនៅលើទីផ្សារ ពិសេសគឺវិស័យម្ហូបអាហារដែលចរាចរលើទីផ្សារ និងជាតម្រូវការរបស់ប្រជាពលរដ្ឋទូទៅដែលមិនអាចខ្វះបាន។ ដើម្បីធានាឱ្យមានសុវត្ថិភាព សុចរិតភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញ ក.ប.ប. តែងតែចុះត្រួតពិនិត្យទំនិញលើទីផ្សារ។ ជាក់ស្ដែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតនូវទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៧៨៧.១៨ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៩៧ លីត្រស្ថិតក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ រាល់ទំនិញដែលបានដកហូតទាំងអស់នឹងយកមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងធ្វើការពិន័យអន្តរការណ៍ផងដែរ។

មុនព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងអកអំបុក​ សំពះព្រះខែមកដល់ មន្រ្តីជំនាញ ក.ប.ប. បានចុះត្រួតពិនិត្យទំនិញដែលដាក់ចរាចរលក់នៅបណ្តា​ ផ្សារដើម្បីធានាទប់ស្កាត់ឱ្យបាននូវការចរាចរទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ឬទំនិញដែលមិនអនុលោមទៅនឹងបទដ្ឋានបច្ចេកទេស ដែលជាហេតុនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. សាខា ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រះវិហ៊ារ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញបានរកឃើញនូវអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១,១៣៩.៧៥ លីត្រ និងទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៤៨៦.៣១ គីឡូក្រាម។ ទំនិញទាំងអស់​ ត្រូវបានមន្រ្តីជំនាញ ធ្វើការដកហូតមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងបានពិន័យអន្តរការណ៍ទៅលើម្ចាស់ទំនិញផងដែរ។

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាលបន្តរកឃើញនូវដេប៉ូប្រេងឥន្ធនៈចំនួន ០២ ទីតាំងទៀតដែលមិនអនុលោមភាពក្នុងចំណោមស្ថានីយ/ដេប៉ូចំនួន ០៨ ទីតាំងដែលបានចុះត្រួតពិនិត្យស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ។ ចំពោះម្ចាស់ទីតាំងដែលប្រកបអាជីវកម្មមិនសុចរិត ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប