ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានថ្លែងថា ៖ មានលទ្ធភាពនឹងអាចលុបចោលជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ប្រសិនបើពិនិត្យឃើញថា ជំនួបនេះពុំមានលទ្ធវិជ្ជមាន នោះប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានថ្លែងសង្កត់ធ្ងន់ពីភាពចាំបាច់ត្រូវមានដំណោះស្រាយច្នៃប្រឌិត ដើម្បីជំរុញឲ្យកូរ៉េខាងជើងបោះបង់វុធនុយក្លេអ៊ែរ។
ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in
ថ្វីត្បិតតែលោកបានទទួលស្គាល់ស្ថានការណ៍អាចប្រែប្រួលតាមទិសដៅនេះក្តី ក៏លោក Moon Jae-in អះអាងថា ក្រុងសេអ៊ូលជានិច្ចជាកាលប្តេជ្ញាចិត្តនិងប្រឹងប្រែងធានាឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េវិវឌ្ឍន៍តាមទិសដៅត្រៀមទុក ។ មេដឹកនាំកូរ៉េខាងត្បូងរូបនេះឲ្យដឹងថា ជោគជ័យជំនួបកំពូលរវាងលោក និងមេដឹកនាំគីម ប៉ុន្មានថ្ងៃខាងមុខក៏ដូចជាជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើង ទាមទារឲ្យមានគោលគំនិតថ្មី និងលោកសោះ ។
ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រុងវ៉ាស៊ីនតោន ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ពីចំណងទាក់ទងអន្តរកូរ៉េដែលអាចរីកចម្រើនទៅបានគ្រាដែលបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានដោះស្រាយ ហើយទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិត្រូវបានលុបចោល។ ហេតុនេះការកែសម្រួលឲ្យប្រសើរឡើងរវាងទំនាក់ទំនងអន្តរកូរ៉េគឺនៅចំណុះទៅលើចំណងទាក់ទងរវាងអាមេរិក កូរ៉េខាងជើង និងជប៉ុន-កូរ៉េខាងជើង ។
យ៉ាងណាក្តីលោកអះអាងថា គោលដៅចុងក្រោយនៃជំនួបចរចាកំពូលទាំងនោះគឺដើម្បីសម្រេចបានគោលដៅចុងក្រោយគឺការធានាគ្រឹះសន្តិភាពលើឧបទ្វីបកូរ៉េ។
តាមគម្រោងជំនួបកំពូលរវាងកូរ៉េទាំងពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែមេសា នៅភូមិផ្អាកសង្គ្រាម Panmunjom ផ្នែកទឹកដីខាងកូរ៉េខាងត្បូង ចំណែកជំនួបកំពូលរវាងអាមេរិក-កូរ៉េខាងជើង អាចប្រព្រឹត្តទៅនៅចុងខែឧសភា ឬដើមខែមិថុនាខាងមុខ ៕ សូយន