Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់កម្ចីរបស់ ADB ចំនួន ១៨០ លានដុល្លារដើម្បីកែលម្អសេវាកម្មទីក្រុង នៅកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត ប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដើម្បីជួយដល់ក្រុងចំនួន ៣ នៅកម្ពុជា ធ្វើឱ្យប្រសើរនូវហេដ្ឋា រចនាសម្ព័ន្ធទីក្រុងនិងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ ការអនុម័តនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

គម្រោងវិនិយោគដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់នៅក្រុងបាវិត កំពត និង ប៉ោយប៉ែតឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូនិង សំណល់រឹងបានល្អប្រសើរ។ វានឹងជួយទីក្រុងទាំងនេះកាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឱ្យ ប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និង ប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។

លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន កំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ [secondary cities] ប៉ុន្តែ លទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឱ្យជីវភាពរស់ នៅកាន់តែពិបាក និង ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង។ គម្រោងនេះនឹងជួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ទឹកស្អាត អនាម័យ និងកាកសំណល់ និង លើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និង ផលប៉ះ ពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។ វាក៏នឹងជួយអាជ្ញាធរក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ។”

ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងនៅកម្ពុជាបានកើនឡើងដល់ ៦ លាននាក់ក្នុងឆ្នាំ ២០១៩ ពី ២,៦ លាននាក់ក្នុងឆ្នាំ ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាលក្រុង ក្នុងការផ្តល់សេវាកម្ម។ នៅឆ្នាំ ២០១៩ ប្រមាណ ៤៧% នៃប្រជាពលរដ្ឋរស់នៅតាមទីក្រុងនៅប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់ ទឹកស្អាតតាមលំនៅដ្ឋាន។ ទឹកលូដែលមិនបានសម្អាត ជាទូទៅ ត្រូវបង្ហូរទៅក្នុងទីចំហ តាមរយៈលូរួម និង លូទឹកបង្កប់តាមផ្លូវ ឬ ដោយប្រយោលតាមប្រឡាយចំហ។ សេវាកម្មសម្អាតសំណល់រឹងក៏នៅមានកម្រិត។ មួយភាគធំនៃសំណល់រឹងត្រូវបានទុកចោល ចាក់ចូលក្នុងប្រឡាយចំហ ទីវាល ឬ ដុតចោល។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជាឆ្នាំ ២០១៩-២០២៣ មានគោលបំណងដោះស្រាយ បញ្ហាប្រឈមទាំងនោះ។ ផែនការនេះផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ហើយកំណត់ទិសដៅជាតិសម្រាប់ក្រុងទាំងអស់ ដើម្បីទទួលបាន ទឹកស្អាតត្រឹមឆ្នាំ ២០២៥ និង ពង្រឹងការគ្រប់គ្រងកាកសំណល់រឹង។

យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ គាំទ្រដល់ កំណើនសេដ្ឋកិច្ចនៅតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion) ដែលរួមមានក្រុងបាវិត កំពត និង ប៉ោយប៉ែត។ ក្រុងបាវិត និង ប៉ោយប៉ែត គឺជាច្រកចូលទៅកាន់ប្រទេសវៀតណាម និង ប្រទេសថៃ ហើយទីក្រុងកំពង់ផែកំពតបានក្លាយជាគោលដៅទេសចរណ៍។

នៅក្រុងបាវិត និង ប៉ោយប៉ែត គម្រោងនេះនឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និង ការ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និង កន្លែងចាក់សំរាម។ នៅក្រុងកំពតគម្រោងនេះនឹងពង្រីកបណ្តាញលូទឹកស្អុយ និង គាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការ ផ្តល់សេវាកម្មគ្រប់គ្រាន់។

គម្រោងនេះក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនការប្រមូលចំណូលដោយរដ្ឋបាលក្រុង ដែល កំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ឧបត្ថម្ភធនពីរដ្ឋបាលថ្នាក់ជាតិដើម្បីផ្តល់សេវាកម្ម។ ផែនទីបង្ហាញផ្លូវនឹង រួមបញ្ចូលកំណែទម្រង់ពន្ធគយដើម្បីចំណាយលើប្រតិបត្តិការ និងការថែទាំទីក្រុង និង ផែនការដើម្បី ធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព រួមទាំងការវាយតម្លៃអំពីឱកាសសម្រាប់ការចូលរួមពីវិស័យ ឯកជន។

គម្រោងថ្មីរបស់ ADB នេះ នឹងត្រូវបានគាំទ្រដោយជំនួយបច្ចេកទេសចំនួន ២ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction)។ ជំនួយបច្ចេក ទេសនេះនឹងផ្តោតលើការអភិវឌ្ឍ ទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ រួមទាំងការធ្វើ ឱ្យប្រសើរឡើងនូវផែនការប្រើប្រាស់ដីក៏ដូចជាសមត្ថភាពស្ថាប័ន និង អភិបាលកិច្ច។ ធនាគារអភិវឌ្ឍន៍ អាស៊ី នឹងធ្វើការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ក្នុងការសម្របសម្រួលជាមួយទីក្រុង ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ ដើម្បីធ្វើកំណែទម្រង់ច្បាប់និងគោលនយោបាយជាតិ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕ រក្សាសិទ្ធិដោយ​ ៖ ចេស្តារ