ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានធ្វើការអំពាវនាវឲ្យគណបក្សនយោបាយក្នុងតំបន់អាស៊ី រួមគ្នាទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ពីរដ្ឋដទៃក្រោមរូបភាពលិទ្ធិប្រជាធិបតេយ្យ ហើយទោះបីកម្ពុជាជាប្រទេសតូច ហើយចិនជាមហាអំណាច និងមានមនោគមវិជ្ជា និងប្រព័ន្ធនយោបាយខុសគ្នាកី្ត ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរជាគំរូនៃចំណងទាក់ទងទ្វេភាគី ដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, អធិបតេយ្យស្នើគ្នា, គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ តំណាងឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចប្រជុំស្តីពីបទសង្ខេបអំពីលទ្ធផលសំខាន់ៗនៃសន្និបាតលើកទី៦ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១៩ ។
ការអញ្ជើញចូលរួមនាពេលនេះធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម សុង ថាវ រដ្ឋមន្រ្តីនៃសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដោយមានការអញ្ជើញពីឥស្សរជន និងមេដឹកនាំ តំណាងគណបក្សនយោបាយចំនួនជាង ៥០០ រូប មកពី ១៦០ គណបក្សនយោបាយ និងស្ថាប័ននានា នៃជាង ៥០ ប្រទេស ក្នុងនោះមានដូចជា ឯកឧត្តម Ivica DACIC ប្រធានគណបក្សសង្គមនិយមស៊ែប៊ី និងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋស៊ែប៊ី និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត។ ជាមួយគ្នានេះផងដែរ ក៏មានការចូលរួមដោយផ្ទាល់នៅទីក្រុងប៉េកាំងពីមន្រ្តីការទូតជាន់ខ្ពស់ និងធុរជនជាតំណាងឧស្សហកម្ម និងពាណិជ្ជកម្មចំនួនជាង ១០០ រូប។

កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការចែករំលែកនូវបទពិសោធន៍អភិបាលកិច្ច និងសម្រួលដល់កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងបណ្តាគណបក្សនយោបាយ ក៏ដូចជាផ្សព្វផ្សាយអំពី «សេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ស្តីពីសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល ១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន» ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ។
ក្នុងសុន្ទករថាគន្លឹះរបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសម្តែងនូវការអបអរសាទរចំពោះបក្សកុម្មុយនីស្តចិន ដែលសម្រេចបានសមិទ្ធិផលធំៗជាច្រើនជូនប្រទេសជាតិចិន។ លោកជំទាវ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការកសាងសហគមន៍មានសាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយម ។ ជាក់ស្តែង ការចូលរួមចំណែកយ៉ាងធំរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩នៅទូទាំងពិភពលោក តាមរយៈការបង្កើនកិច្ចប្រឹងប្រែងផ្តល់សម្ភារៈវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ចែករំលែកបទពិសោធន៍ និងបច្ចេកទេស និងជាពិសេសបានផ្គត់ផ្គង់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងការចូលរួមរបស់ចិនតាមរយៈកម្មវិធីផ្លូវសូត្រសុខភាព ការដឹកនាំខ្សែច្រវ៉ាក់ផលិតកម្ម ការចែករំលែកបច្ចេកវិទ្យា និងនវានុវត្តន៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវជាដើម ដែលទាំងអស់នេះជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពចាំបាច់ និងភាពបន្ទាន់នៃការកសាងសហគមន៍មួយ ដែលមានជោគវាសនារួមសម្រាប់មនុស្សជាតិ។

លោកជំទាវ ក៏បានមានប្រសាសន៍រំលេចផងដែរ អំពីវឌ្ឍភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌបក្ស និងរដ្ឋ។ កម្ពុជាបន្តគាំទ្រគោលនយោបាយចិនតែមួយ និងតួនាទីរបស់ចិនក្នុងតំបន់និងអន្តរជាតិ ព្រមទាំងស្វាគមន៍រាល់គម្រោងអភិវឌ្ឍ BRI របស់ចិន។ ទោះបីកម្ពុជាជាប្រទេសតូច ហើយចិនជាមហាអំណាច និងមានមនោគមវិជ្ជា និងប្រព័ន្ធនយោបាយខុសគ្នាកី្ត ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរជាគំរូនៃចំណងទាក់ទងទ្វេភាគី ដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, អធិបតេយ្យស្នើគ្នា, គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
មុននឹងបញ្ចប់សុន្ទរកថា លោកជំទាវ បានធ្វើការអំពាវនាវឲ្យគណបក្សនយោបាយក្នុងតំបន់អាស៊ី រួមគ្នាទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ពីរដ្ឋដទៃក្រោមរូបភាពលិទ្ធិប្រជាធិបតេយ្យ។ លោកជំទាវបានសង្កត់ធ្ងន់ថា ការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ ត្រូវតែឆ្លុះបញ្ចាំងពីឆន្ទះប្រជាជន និងឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាជនរដ្ឋសាមី មិនមែនដើម្បីបម្រើផលប្រយោជន៍របស់ក្រុមអ្នកនយោបាយ និងប្លុកមួយណាឡើយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

