Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវិនិយោគបង្កើតកសិដ្ឋាន ចិញ្ចឹមបង្កងពូជថ្មី និងចិញ្ចឹមជ្រូក អាចផ្តល់ជូននូវការធានាសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល

ព្រៃវែង ៖ ឯកឧត្តមអភិបាលខេត្តព្រៃវែង បានពិនិត្យឃើញថា ការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមបង្កងពូជថ្មី និងចិញ្ចឹមជ្រូក អាចផ្តល់ជូននូវការធានាសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល ជំរុញ និងបង្កើនផលិតកម្មផ្គត់ផ្គង់ឲ្យទីផ្សារ ហើយឯកឧត្តម បានប្រកាសគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជារដ្ឋបាលជលផល ដែលបានសហការ សម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគការចិញ្ចឹមបង្កង ក៏ដូចជាការចិញ្ចឹមជ្រូក និងសត្វផ្សេងៗ សម្រេចទទួលបានជោគជ័យ ជាពិសេសឲ្យត្រូវតាមស្តង់ដារទីផ្សារ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងក្នុងឱកាសអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាព នៅកសិដ្ឋានចិញ្ចឹមបង្កងទឹកសាប និងការចិញ្ចឹមជ្រូក នៅឃុំកំពង់ត្របែក និងឃុំព្រៃឈរ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានពិនិត្យឃើញការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមបង្កងពូជថ្មីនៅតំបន់នេះ អាចផ្តល់ជូននូវការធានាសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល ជំរុញ និងបង្កើនផលិតកម្មផ្គត់ផ្គង់អោយទីផ្សារ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។

ជាក់ស្តែង យើងពិនិត្យឃើញថា ស្រះចិញ្ចឹមកំពុងដំណើរការចិញ្ចឹមកូនបង្កងបែបធម្មជាតិនៅកន្លែងនេះមាន៖
-ស្រះទី១ ទំហំ ១៦មគុណ១៥ម ដាក់កូនបង្កងចំនួន ៧៥០០កូន រយះពេល៥ខែ ។
-ស្រះទី២ មានទំហំ ២២មគុណ១៦ ម ដាក់កូនបង្កងសរុបចំនួន១០៥០០កូន រយៈពេល ៤ខែ ។
-ស្រះទី៣ ទំហំ ២៤មគុណ១៦ម ដាក់កូនបង្កង ចំនួន ៥០០០កូន (រកកូនមិនបាន)
-ស្រះទី៤ ទំហំ ៤០មគុណ១៣ម កំពុងរៀបចំស្រះដាក់ចិញ្ចឹម និងអាចដាក់បាន ១៥០០កូន។

ឯកឧត្តមអភិបាលខេត្ត ក៏បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកនៅឃុំព្រៃឈរ។ ក្នុងរបាយការណ៍បានបញ្ជាក់ច្បាស់ពីការចិញ្ចឹម ដោយអនុវត្តតាមបច្ចេកទេសបានត្រឹមត្រូវ ទាំងការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង និងការធ្វើជីវសុវត្ថិភាព ធានាអោយកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ដែលបានជួយការងារបច្ចេកទេសបន្ថែម ដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀង និងសេដ្ឋកិច្ចនៅមូលដ្ឋាន ឈានទៅសម្រេចនិរន្តរភាពនៃការផ្គង់ផ្គង និងតម្លៃ។

ឯកឧត្តមអភិបាលខេត្ត បានប្រកាសគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជារដ្ឋបាលជលផល ដែលបានសហការ សម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគការចិញ្ចឹមបង្កង ក៏ដូចជាការចិញ្ចឹមជ្រូក និងសត្វផ្សេងៗ សម្រេចទទួលបានជោគជ័យ ជាពិសេសឲ្យត្រូវតាមស្តង់ដារទីផ្សារ គឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍របស់យើង ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីរប្បកម្មទឹកសាប (ខេត្តព្រៃវែង) ក្នុងឱកាសដែលសម្តេចអញ្ជើញទៅសំណេះសំណាល និងចែកកូនត្រីអណ្តែង និងកូនកង្កែបជូនវារីវប្បករ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×