Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋប្រមាណជា១ពាន់នាក់ គ្រោងនឹងតវ៉ាឲ្យមានការដោះស្រាយ ជម្លោះដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនស្ករអំពៅ របស់ឧកញ៉ា លី យ៉ុងផាត់

ភ្នំពេញ ៖ ប្រជាពលរដ្ឋសហគមន៍ដីធ្លីប្រមាណជា ១០០០នាក់ គ្រោងនឹងធ្វើការតស៊ូមតិទាមទារ ឲ្យមានការដោះស្រាយជម្លោះដីធ្លី រវាងប្រជាពលរដ្ឋនៅខេត្តកោះកុង ជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ ដែលបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ នៅមុខសាលាខេត្តកោះកុង និងសាលាដំបូងខេត្តកោះកុង។ នេះបើតាមការបញ្ជាក់របស់លោកញិល ភាព មន្ត្រីសម្របសម្រួលសហគមន៍ នៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា។

លោកញិល ភាព មន្ត្រីសម្របសម្រួលសហគមន៍ នៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានបញ្ជាក់ប្រាប់ CEN នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះថា “យើងធ្វើសកម្មភាពតស៊ូមតិនៅសាលាខេត្តកោះកុង និងនៅសាលាដំបូងខេត្តកោះកុង គឺមានគោលបំណងចំនួនពីរ ទី១. សូមឲ្យលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដោះស្រាយបញ្ហាដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ ដែលរងគ្រោះបញ្ហាដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ និងទី២. ប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រទាមទារឲ្យសាលាដំបូងខេត្តកោះកុង បើកសវនាការជំនុំជម្រះសកម្មជនដីធ្លីចំនួន ៩នាក់ នៅថ្ងៃទី២៤ ខែវិច្ឆិកា សូមឲ្យការកាត់ក្តីជំនុំជម្រះឈរលើឯករាជ្យភាព អព្យាក្រឹត្យភាព កាត់ក្តីដោយយុត្តិធម៌ និងទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើសកម្មជនដីធ្លីដែលរងបទចោទទាំងអស់ ”។

ទាក់ទងការគ្រោងជួបជុំរបស់ប្រជាពលរដ្ឋទាមទារឲ្យមានការដោះស្រាយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនៅខេត្តកោះកុងជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ នេះ គឺមិនអាចសុំការអត្ថាធិប្បាយពីឧកញ៉ា លី យ៉ុងផាត់ បានទេ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។
ចំណែកលោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកោះកុងមិនអាចសុំការអត្ថាធិប្បាយបានទេ។

សូមរម្លឹកថា ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ ធ្លាប់បានឡើងមករាជធានីភ្នំពេញសុំអន្តរាគមន៍ ពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ រហូតមានការដោះស្រាយជាបន្តបន្ទាប់។
កាលពីកំឡុងខែឧសភា ដល់ខែមិថុនា ឆ្នាំ២០១៨ ក្រសួងក្រសួងដែនដី នគរោបនីយកម្ម និងសំណង់ បានដោះស្រាយឲ្យពលរដ្ឋ ៥ក្រុម សរុបជិត ១ពាន់គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអំពៅទាំងពីរនេះ។ សំណងដែលក្រសួងផ្ដល់ឲ្យនោះ គឺមិនដូចគ្នាដោយគ្រួសារមួយចំនួន ទទួលបានដី ២ហិកតារ ថវិកា ២ពាន់ដុល្លារ គ្រួសារមួយចំនួនទៀត ទទួលបានដី ២ហិកតារ ថវិកា ២ពាន់ ៥រយដុល្លារ ចំណែកគ្រួសារផ្សងទៀតបានដី ២ហិកតារ៕

រក្សាសិទ្ធិដោយ ៖ ចេស្តារ

×