ភ្នំពេញ ៖ រយៈពេល៣ ជាពិសេស ថ្ងៃថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺចាប់ពីថ្ងៃទី១៨ , ១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ សភាពការណ៍ទូទៅ ទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ បទល្មើសផ្សេងៗស្ទើរតែពុំមាន, ដោយឡែក រាជធានីភ្នំពេញវិញ ប្រជាពលរដ្ឋ ទៅកម្សាន្តនៅមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេ ក្នុង១ថ្ងៃ មានចាប់ពី ៦ម៉ឺននាក់ ទៅ ៨ម៉ឺននាក់ បើទោះបី បេះដូងនៃព្រះរាជាណាចក្រកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអុំទូកក៏ដោយ។

រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង ជាអភិបាល រួមជាមួយ ស្នងការនគរបាលរាជធានីភ្នំពេញ បានរៀបចំកម្លាំងត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ដតាមទីកន្លែងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រហូតដល់ជាង ១.៦០០នាក់។
បងប្អូនប្រជាពលរដ្ឋដែលបានមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យ មានសេចក្តីរីករាយ ព្រមទាំងបានចូលរួមអនុវត្តការពាក់ម៉ាស់ មានអាល់កុលស្ទើរគ្រប់ៗគ្នា ដោយពួកគាត់មានការយល់ដឹង ជ្រួតជ្រាបពីសុខុមាលភាពផ្ទាល់ខ្លួន និងការឆ្លងជំងឺកូវីដ-១៩។

គេសង្កេតឃើញ រដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយ លោក សុខ ពេញ វុធ ជាអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ព្រមទាំងមន្ត្រី ក្រោមឱវាទ បានបន្តដឹកនាំក្រុមការងារប្រចាំការនៅមុខព្រះបរមរាជវាំង ដែលមានការចូលរួមពីលោក ស្នងការរងរាជធានីភ្នំពេញ លោកអធិការនគរបាលខណ្ឌ លោកអធិការរង លោកមេបញ្ជាការ មេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីកាពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរង់ចាំដោះស្រាយគ្រប់សភាពការណ៍ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ភាពរីករាយរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ អាចប្រកបទៅដោយភាពរលូន គឺដោយសារប្រទេសមានសុខសន្តិភាព រស់នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជាក់ស្តែង បន្ទាប់ពីជោគជ័យលើការគ្រប់គ្រងជំងឺឆ្លងកាចសាហាវនៃកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបើកដំណើរការប្រទេសឡើងវិញជាដំណាក់កាលៗ ដើម្បីស្ដារសេដ្ឋកិច្ច និងអភិវឌ្ឍន៍លើគ្រប់វិស័យ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅ ហើយពេលនេះ យើងធ្វើបានហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














