ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីផ្ទុះអំពើហិង្សានៅលើកោះហ្ក័រឌឺលូទ ដែលជាកោះនាយសមុទ្រមួយរបស់បារាំង កំពុងតែកើនឡើងយ៉ាងខ្លាំងចំពោះបញ្ហាអំពើហិង្សា ។ ជាក់ស្តែង អំពើហិង្សាដែលបានកើតឡើងអស់មួយរយៈពេលនេះកើតឡើងបន្ទាប់ពីមានបាតុកម្ម ប្រឆាំងនឹងការដាក់កំហិត ទៅបុគ្គលិកពេទ្យមានកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩បញ្ជាក់ពីការងាររបស់ពួកគេ។ ក្នុងនោះ ក្រសួងមហាផ្ទៃប្រទេសបារាំង បានបញ្ជូនកងកម្លាំងពិសេសចំនួន៥០នាក់ ដើម្បីធ្វើដំណើរទៅកាន់កោះនេះ ក្នុងគោលបំណងបង្រ្កាប និងទប់ស្កាត់សកម្មភាពរបស់ក្រុមជ្រុលនិយម។
ជុំវិញបញ្ហទាំងអស់នេះ លោក ជឺរាដ ដាម៉ាននីន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ក្រោយចប់ការប្រជុំ បានសម្រេចបញ្ជូនកងកម្លាំងពិសេសរបស់ខ្លួន ចំនួនជាង៥០នាក់ ទៅកាន់កោះហ្ក័រឌឺលូទ (Guadeloupe) ដើម្បីបង្ក្រាបស្ថានការណ៍ចលាចលហិង្សា។ ចំណែកលោក សេប៉ាស្ទៀន ឡេខុននូ រដ្ឋមន្ត្រីទទួលបន្ទុកដែនដីនាយសមុទ្របារាំង ក៏បានប្រកាសផងដែរថា នៅថ្ងៃចន្ទទី២២វិច្ឆិកានេះ បារាំងនិងនឹងនឹងមានការប្រជុំ រវាងលោកនាយករដ្ឋមន្ត្រីបារាំង ជាមួយសមាជិកសភា តំណាងអាជ្ញាធរមូលដ្ឋាន តំបន់ហ្ក័រឌឺលូព និងលោករដ្ឋមន្ត្រីសុខាភិបាលបារាំងផងដែរ។
បាតុកម្មហិង្សាចលាចល បានផ្ទុះឡើងបន្ទាប់ពីក្រុមជ្រុលនិយមមួយឈ្មោះ សហជីពពលរដ្ឋប្រឆាំងកាតព្វកិច្ចចាក់វ៉ាក់សាំង បានចាប់ផ្តើមធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងការដាក់កំហិត ឲ្យបុគ្គលិកពេទ្យត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ១៩។ ហើយបើតាម អាជ្ញាធរកោះហ្ក័ដឺលូព ពលរដ្ឋមានអាយុចន្លោះពី១៨ឡើងលើមានចំនួនត្រឹមតែ៤៦ ៤ភាគរយប៉ុណ្ណោះបានចាក់វ៉ាក់សាំងមួយដូស ខណៈ អាជ្ញាធរសុខាភិបាលបារាំង កំពុងតែភ័យបារម្ភអំពីការផ្ទុះឡើងវិញនូវមេរោគកូវីដ១៩ នៅលើកោះនេះ។
ហើយមែនទែនទៅ ករណីផ្ទុះអំពើហិង្សានេះបានបង្កជាផលប៉ះពាល់ដល់ និងបំផ្លាញដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើនក្នុងរយៈពេលប្រមាណ៣ថ្ងៃមកនេះ។
ជាការឆ្លើយតប សហជីពគ្រូពេទ្យកោះហ្ក័រឌឺលូទ បានអំពាវនាវ ស្នើសុំឲ្យប្រជាជន រក្សាភាពស្ងៀមស្ងាត់ និងមានព្រមានថា ប្រព័ន្ធសុខភិបាលនៅលើកោះនេះ អាចប្រឈមនឹងគ្រោះថ្នាក់បានគ្រប់ពេល ក្នុងករណីមានការឆ្លងរាលខ្លាំងនូវជំងឺកូវីដ១៩ខ្លាំង។
សូមជម្រាបថា កោះហ្ក័រឌឺលូទ គឺជាដែនដីបារាំង ដែលមានវិបត្តិសង្គម និងសេដ្ឋកិច្ចក្រីក្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈទ្រុឌទ្រោមខ្លាំង ហើយក្នុងនោះ អ្នកនយោបាយបារាំងមួយចំនួន បានអំពាវនាវ ឲ្យរដ្ឋាភិបាលត្រូវតែរៀបចំយន្តការចរចា និងស្តាប់ការទាមទារចង់បានរបស់ប្រជាពលរដ្ឋលើកោះនេះ ជាជាងការប្រើកម្លាំងបង្ក្រាប ដែលមិនខុសពីការយកសាំងទៅចាក់លើភ្លើង៕