ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំក្រុមការងារ ចុះពិនិត្យអំពីវឌ្ឍនភាពនៃការដាំដុះដំណាំអំពៅ និងរោងចក្រផលិតស្ករអំពៅ ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ ឯកឧត្តម បានថ្លែងថា ការចូលរួមពីវិស័យឯកជន គឺជាចលករយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរោងចក្រផលិតស្កអំពៅ ដែលបានខិតខំជំរុញឲ្យខ្សែច្រវាក់ផលិតកម្មស្ករអំពៅ នៅកម្ពុជា សម្រេចទទួលបានជោគជ័យ ទាំងលើផលិតកម្មដាំដុះ និងកែច្នៃ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យា និងការស្រូបយកកម្លាំងពលកម្មក្នុងស្រុក និងកំណើនសេដ្ឋកិច្ចគ្រួសារ ក្នុងខណៈដែលវិស័យមួយចំនួន កំពុងជួបវិបត្តដោយសារជំងឺឆ្លងកូវីដ-១៩។
អភិបាលខេត្តក្រចេះ បានលើកឡើងបន្តថា ពិតណាស់ ការចូលរួមពីវិស័យឯកជន គឺជាចលករយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បានចំនួនជាងមួយពាន់នាក់ ក្នុងពេលបច្ចុប្បន្ន ហើយសង្ឃឹមថាចំនួននេះ នឹងមានការកើនឡើង នៅរដូវប្រមូលផលខាងមុខនៅបំណាច់ឆ្នាំនេះ។

ទន្ទឹមនេះ ឯកឧត្តម ស្នើឲ្យបង្កើនទុនវិនិយោគធ្វើយ៉ាងណា ប្រើប្រាស់ដីនេះ ឲ្យអស់លទ្ធភាព ដើម្បីបង្កើតជាពហុប្រយោជន៍ឲ្យអស់សក្តានុពល និងជាពិសេសចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋយើងមានការងារ ទទួលបានប្រាក់ចំណូលសមរម្យ ធ្វើឲ្យកម្រិតជីវភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបានដាក់ចេញកន្លងមក៕ រក្សាសិទ្ធិដោយ ៖ កូលាប

