ភ្នំពេញ ៖ បើតាមតារាងស្ថិតិភ្ញៀវទេសចរ ដែលធ្វើកំណត់ត្រាដោយ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ការឈប់សម្រាករយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរបានចេញដើរកម្សាន្តនាំមុខគេ ឬច្រើនជាងគេ រួមមាន ÷ រាជធានីភ្នំពេញ , ខេត្តសៀមរាប , ខេត្តព្រះសីហនុ , ខេត្តកំពត , ខេត្តកែប , ខណ:ភ្ញៀវទេសចរ ដើរកម្សាន្តទូទាំងប្រទេស មានចំនួនសរុប ៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់។

ខេត្តទាំង៥ ដែលភ្ញៀវទេសចរនាំមុខគេ រួមមាន ៖
១- រាជធានីភ្នំពេញ មានភ្ញៀវទេសចរ ចំនួន ១៩៩,៨៣៥នាក់ ,
២- ខេត្តសៀមរាប មានភ្ញៀវទេសចរ ចំនួន ១១៨,១៤៦នាក់ ,
៣- ខេត្តព្រះសីហនុ មានភ្ញៀវទេសចរ ចំនួន ១១១,៣២២នាក់ ,
៤- ខេត្តកំពត មានភ្ញៀវទេសចរ ចំនួន ៨៣,៤៦៦នាក់ ,
៥- ខេត្តកែប មានភ្ញៀវទេសចរ ចំនួន ៧៥,៨៦៥នាក់ ,
ចំណែកខេត្ត ដែលមានភ្ញៀវទេសចរច្រើនគួរសមផងដែរនោះ ដូចជា
- ខេត្តពោធិ៍សាត់ ៥៣,៨០៧នាក់ ,
- ខេត្តបាត់ដំបង ៣៨,៦៦៧នាក់ ,
- ខេត្តកំពង់ស្ពឺ ៣៧,៤៦៥នាក់ ,
- ខេត្តមណ្ឌលគិរី ៣២,៩៥៧នាក់ ,
- ខេត្តកណ្តាល ២៧,២៨០នាក់ ,
- ខេត្តរតនគិរី ២៤,៥៩៦នាក់ –

ក្រៅពីខេត្តខាងលើនេះ គឺខេត្តផ្សេងៗទៀត មានភ្ញៀវតិចតួចប៉ុណ្ណោះ ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចររយៈពេល ៣ថ្ងៃនេះ លើសពីរំពឹងទុក ក្នុងនោះយើងឃើញថា តួលេខាងលើមានការកើនឡើង ៥៤,៣៤% បើធៀបនឹងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០ , ហើយបើធៀបនឹងភ្ញៀវពេលឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌរយ:ពេល ៣ថ្ងៃដូចគ្នា កាលពីដើម ខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ គឺមានកើនឡើង ៣៦,៩២%។
ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀត បានដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋាន ដូចជាជួបជុំញ៉ាំអាហារជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន និងកន្លែងដែលមានការរៀបចំជា ក្យូស (ដូចជាតាមបណ្តោយមាត់ទន្លេនៅព្រែកលាប បាក់ខែងជាដើម)។

គួរបញ្ជាក់ថា ចរន្តភ្ញៀវទេសចរក្នុងរយៈពេល ៣ថ្ងៃនេះ គឺបានមកពី រាជរដ្ឋាភិបាល បើកដំណើរការប្រទេសឡើងវិញ, បើកទទួលភ្ញៀវអន្តរជាតិវ៉ាក់សាំង , ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង , រៀបចំបានល្អត្រៀមទុកជាមុន ដូចជា សៀមរាប-អង្គរ , ក្រុងព្រះសីហនុ , តំបន់តារាសាគរខេត្តកោះកុង ដែលមានហេដ្ឋារចនាសម្ពន្ធល្អ និងសោភ័ណភាពស្រស់បំព្រង និងគោលដៅទេសចរណ៍ទូទាំងប្រទេសផ្សេងៗទៀត ក៏បានបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី, ហើយប្រជាពលរដ្ឋក៏បានយល់ដឹងអំពីភាពកាចសាហាវនៃជំងឺកូវីដ-១៩ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



















