Thursday, May 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនមន្រ្តីយោធា៣នាក់ ទៅតុលាការ ករណីជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង

សៀមរាប ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា មន្ដ្រីយោធាចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង បានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីកាត់ទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។

នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យដឹងថា មន្ដ្រីយោធាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលចាប់ឃាត់ខ្លួនចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មន្ដ្រីយោធា២នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប និងម្នាក់ទៀតចាប់ខ្លួននៅលង្វែក ខេត្តកំពង់ឆ្នាំង។ មន្ត្រីយោធា៣នាក់ដែលបានចាប់ខ្លួនរួមមាន៖ ១) ឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ, ២) មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង និង៣) ជាមន្ត្រីយោធាធម្មតា។

សូមជម្រាបថា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម៕ រក្សាសិទ្ធិដោយ ៖ កូលាប