ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការផ្សព្វផ្សាយ និងលក់ឱសថបុរាណ ស្មៅប្រម៉ាត់មនុស្ស គ្មានលេខទិដ្ឋការ ឬបញ្ជីការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ មានគណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Leng PS កំពុងផ្សព្វផ្សាយឱសថបុរាណ ស្មៅប្រម៉ាត់មនុស្ស គ្មានលេខទិដ្ឋាការ ឬបញ្ជិការ ពីក្រសួងសុខាភិបាល ព្រមទាំងបានប្រើនូវខ្លឹមសារភូតកុហក និងបំផ្លើសហួសពីការពិតដូចជា អាចជួយមិនឱ្យឆ្លងមេរោគអេដស៍ ជំនួយដល់បេះដូង ជួយការពាររោគថ្លើមជាដើម។
អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ក៏ដូចជាឱសថ បុរាណគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិការ ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយ ផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ម្យ៉ាងវិញទៀត ចំពោះការផលិត ឬវេចខ្ចប់ឱសថគ្រប់ប្រភេទ ត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ដែលត្រូវធ្វើយ៉ាងណាឱ្យស្របតាមលក្ខណៈបច្ចេកទេស ដើម្បីការពារបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃឱសថដែលផលិតបាន ។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ការផ្សព្វផ្សាយរបស់គណនីបណ្តាញ សង្គមហ្វេសប៊ុកឈ្មោះ Leng Ps ដែលបានអះអាងថា ឱសថបុរាណ ស្មៅប្រម៉ាត់មនុស្ស អាចជួយបង្ការ ឬព្យាបាលជំងឺ ជាច្រើនប្រភេទនោះ គឺពុំមានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ឡើយ ដូចនេះ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជនទាំងអស់មិនត្រូវជឿតាមការ ផ្សព្វផ្សាយ របស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Leng Ps និងមិនត្រូវប្រើប្រាស់ឱសថបុរាណ ស្មៅប្រម៉ាត់មនុស្ស គ្មានលេខទិដ្ឋាការ ឬបញ្ជិការពីក្រសួងសុខាភិបាលជាដាច់ខាត ព្រោះផលិតផលនេះពុំអាចធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ leng Ps ដែលកំពុងផ្សព្វផ្សាយឱសថបុរាណ ស្មៅប្រម៉ាត់មនុស្ស គ្មានលេខទិដ្ឋាការ ឬបញ្ជិការពីក្រសួងសុខាភិបាលទៅតាម ច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន ៕ រក្សាសិទ្ធិដោយ ៖ កូលាប

