ជីដូនជនជាតិអង់គ្លេស Iris Jones អាយុ ៨២ ឆ្នាំ បានជួបជុំគ្នាម្តងទៀត ជាមួយប្តីជនជាតិអេហ្ស៊ីបវ័យក្មេងឈ្មោះ Mohamed Ibriham អាយុ ៣៦ ឆ្នាំ បន្ទាប់ពីអ្នកទាំងពីរបានបែកគ្នាអស់រយៈពេលមួយឆ្នាំ ដោយសារជំងឺរាតត្បាត Covid-19 ។
លោកស្រី Iris Jones មកពី Somerset ប្រទេសអង់គ្លេស បានធ្វើឱ្យសារព័ត៌មានអន្តរជាតិភ្ញាក់ផ្អើល នៅពេលដែលអ្នកស្រីមានទំនាក់ទំនងស្នេហា បន្ទាប់មករៀបការជាមួយបុរសជនជាតិអេហ្ស៊ីបម្នាក់ ដែលមានអាយុតិចជាងគាត់ច្រើនឆ្នាំប្រៀបដូចចៅអុីចឹង។ ពួកគេបានស្គាល់ និងការស្រលាញ់គ្នាយ៉ាងខ្លាំង តាមរយៈការទំនាក់ទំនងតាមអ៊ីនធឺណិតក្នុងឆ្នាំ២០១៩។
នៅចុងឆ្នាំ ២០២០ លោកស្រី Iris Jones បានហោះទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីជួប Mohamed Ibriham ដោយផ្ទាល់ ហើយមិនយូរប៉ុន្មាន ពួកគេក៏បានរៀបការជាមួយគ្នាតែម្តង។ ទោះបីជាយ៉ាងណា រយៈពេលមួយឆ្នាំកន្លងទៅ ពួកគេមិនបានជួបគ្នាទេ ដោយសារជំងឺរាតត្បាត។
សូមបញ្ជាក់ថា លោក Mohamed មិនទៅរស់នៅចក្រភពអង់គ្លេស ដើម្បីរួមរស់ជាមួយប្រពន្ធរបស់គាត់បានទេ ដោយសារតែមិនអាចបំពេញនីតិវិធីចាំបាច់សម្រាប់សិទ្ធិរស់នៅ។
ចែករំលែកជាមួយកាសែតអង់គ្លេស អំពីការបែកគ្នាដែលត្រូវតែស៊ូទ្រាំ, លោកស្រី Iris បាននិយាយថា៖ «ការឈឺចាប់នេះគឺមើលមិនឃើញ ប្រសិនបើឯកសារមិនត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងមកដល់ទីបញ្ចប់នៃថ្ងៃនេះ។ ពេលវេលាមិននៅខាងខ្ញុំទៀតទេ ខ្ញុំអាចចាកចេញនៅពេលណាក៏បាន។ រាល់ថ្ងៃមានតម្លៃណាស់ វាគួរឲ្យរន្ធ.ត់ដែលយើងត្រូវបែកគ្នាបែបនេះ»។
លោកស្រី Iris បញ្ជាក់ថា នៅខែវិច្ឆិកានេះ ប្រសិនបើឯកសារសម្រាប់ Mohamed ទៅតាំងលំនៅនៅចក្រភពអង់គ្លេសមិនអាចបញ្ចប់បានទេ នៅឆ្នាំនេះលោកស្រីនឹងផ្លាស់ទៅប្រទេសអេហ្ស៊ីប ដើម្បីរស់នៅក្នុងស្រុកកំណើតរបស់ប្តីនាងហើយ។ ប៉ុន្តែដំណឹងល្អបានមកដល់ហើយ គឺលោក Mohamed បានបញ្ចប់ឯកសារចាំបាច់ ហើយឥឡូវនេះបានជួបប្រពន្ធរបស់គាត់ឡើងវិញនៅចក្រភពអង់គ្លេស។
និយាយដល់គម្លាតអាយុរហូតដល់ទៅ ៤៦ ឆ្នាំ ប៉ុន្តែ លោកស្រី Iris និងប្តី Mohamed បាននិយាយថា ពួកគេមិនមានអារម្មណ៍អៀនខ្មាសនោះទេ ខណៈមនុស្សជាច្រើនជឿថា លោកស្រី Iris ត្រូវបានគេយកកេងចំណេញ ប៉ុន្តែ លោកស្រីបដិសេធរឿងនេះ ព្រោះលោកស្រីមិនមែនជាមនុស្សមានលុយច្រើនទេ។
ចំណែកលោក Mohamed បានឆ្លើយតបនឹងសារព័ត៌មានរបស់អង់គ្លេស និងបញ្ជាក់ពីអារម្មណ៍របស់គាត់ចំពោះលោកស្រី Iris ថា “ខ្ញុំពិតជាភ័យខ្លាំងណាស់ ប៉ុន្តែពេលដែលខ្ញុំបានជួបនាងជាលើកដំបូង ខ្ញុំបានដឹងថា នោះជាស្នេហាពិត។ ខ្ញុំពិតជាសំណាងណាស់ដែលបានជួបមនុស្សស្រីដូចនាង”។ Mohamed បន្តថា គាត់មិនខ្វល់ថាលោកស្រី Iris ជាអ្នកមាន ឬក្រនោះទេ និងក៏មិនខ្វល់ថាពួកគេនឹងរស់នៅទីណាដែរ ដោយគាត់បញ្ជាក់ថា៖ “ខ្ញុំដឹងថាមនុស្សគិតថា ខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយ Iris ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែខ្ញុំមិនបានទាមទារអ្វីទេ គ្រាន់តែចង់នៅជាមួយនាង វាមិនមានបញ្ហាអ្វីនោះទេ។ ខ្ញុំគ្មានមហិច្ឆតាទៅប្រទេសអង់គ្លេសដើម្បីរស់ទេ»។
លោក Mohamed ក៏បានចែករំលែកឲ្យដឹង នៅពេលដែល Iris ទៅប្រទេសអេហ្ស៊ីប និងបានជួបម្តាយរបស់គាត់ថា៖ “ម្តាយរបស់ខ្ញុំស្រលាញ់ Iris ទោះបីជាពួកគេមិនយល់ភាសាគ្នា និងត្រូវការការគាំទ្រច្រើនពីខ្ញុំក៏ដោយ ម្តាយរបស់ខ្ញុំបាននិយាយថា ឲ្យតែខ្ញុំសប្បាយចិត្ត ម៉ាក់នឹងសប្បាយចិត្តដែរ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



