Thursday, May 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី ប្តេជ្ញាធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី២២ ខែវិច្ឆិកានេះ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ឯកអគ្គរាជទូតរង Andreas Zurbrugg និងបុគ្គលិកស្ថានទូត បានជួបជាមួយឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) ព្រមទាំងសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធ នឹងបច្ចុប្បន្នភាពនៃសិទ្ធិមនុស្សមួយចំនួន។

កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា លើសេចក្តីព្រាងច្បាប់របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រាប់ស្ថាប័នសិទ្ធិមនុស្សកម្ពុជា ការចូលរួមសិទ្ធិមនុស្ស ដែលមានសក្តានុពលជាមួយនឹងកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំក្រោយ និងការបារម្ភអំពីសិទ្ធិមនុស្សផ្សេងៗទៀត រួមទាំងសារៈសំខាន់នៃការធានា ឱ្យមានបរិយាកាសសុវត្ថិភាព សម្រាប់គណបក្សប្រឆាំង និងការប្រឆាំងដោយសន្តិវិធី ដើម្បីឲ្យមានការបោះឆ្នោត ពហុបក្សតំណាងពិតប្រាកដ។

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) បានលើកឡើងពីការងារពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃសិទ្ធិមនុស្សមួយចំនួន។ កិច្ចជំនួបក៏បានលើកឡើង អំពីសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្ស ដែលបច្ចុប្បន្ន គ.ស.ម.ក. បានរៀបចំនូវសេចក្តីព្រាងច្បាប់ដំបូង និងបានដាក់ដំណើរការឱ្យសាធារណជនផ្តល់មតិ និងរៀបចំដាក់ឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់។

ភាគីស្ថានទូតអូស្ត្រាលី នៅតែបន្តការគាំទ្រ ក្នុងការបង្កើតច្បាប់នេះ ដោយពិចារណាពិនិត្យលទ្ធភាពសម្របសម្រួល ឱ្យក្រុមការងារវេទិកាអាស៊ីប៉ាស៊ីហ្វិក (APF) បានមកជួបពិភាក្សាដោយផ្ទាល់ជាមួយ គ.ស.ម.ក. ពាក់ព័ន្ធនឹងការបង្កើតច្បាប់ខាងលើ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងពីបញ្ហានយោបាយ សិទ្ធិ​មនុស្ស​ និងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នាត។
ស្ថាន​ទូត​អូស្ត្រាលី នៅតែបន្តកិច្ចសហការជាមួយគ.ស.ម.ក​ ជាពិសេសការគាំទ្រចំពោះការរៀបចំសេចក្ដីព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ។
អូស្ត្រាលី ប្តេជ្ញាធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលទទួលបានដោយលំបាក នៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ កូលាប