Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ បើក្រសួងប្តឹងទៅតុលាការ គឺតំណាងស្ថាបនិកគណបក្សបេះដូងជាតិ ជាប់គុកហើយ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រតិកម្ម និងឆ្លើយតបទៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ដែលបានប្រកាសប្តឹងក្រសួងមហាផ្ទៃទៅតុលាការកំពូល គឺជាសិទ្ធិ។
ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃបានផ្តាំទៅតំណាងស្ថាបនិកគណបក្សបេះដូងជាតិ កុំរត់ទៅសុំសិទ្ធិជ្រកកោននយោបាយ ពីព្រោះថា បើក្រសួងមហាផ្ទៃប្តឹងទៅតុលាការ គឺជាប់គុកហើយ។ ការឆ្លើយតបនេះបានធ្វើឡើងបន្ទាប់ពីតំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានប្រកាសប្តឹងក្រសួងមហាផ្ទៃទៅតុលាការកំពូល រឿងដែលក្រសួងមហាផ្ទៃមិនចុះបញ្ជីគណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍ ថា ក្រសួងមហាផ្ទៃមិនប្តឹងលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ គឺជារឿងមួយដែលក្រសួងមហាផ្ទៃយោគយល់អនុគ្រោះទៅហើយ ពាក់ព័ន្ធស្នាមមេដៃក្លែងបន្លំដែលដាក់មកក្រសួងមហាផ្ទៃស្នើសុំបញ្ជីគណបក្សគណបក្សបេះដូងជាតិ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ថា “ក្រសួងមហាផ្ទៃមិនប្តឹងគាត់ជារឿងមួយ ដែលក្រសួងមហាផ្ទៃយោគយល់អនុគ្រោះ ទៅហើយស្នាមមេដៃក្លែងបន្លំ ដោយសារគុកវាចង្អៀតច្រើនណាស់ អនុគ្រោះទៅគ្រាន់តែមិនចុះបញ្ជីទៅបានហើយ មិនបាច់ទាន់ប្តឹងទេ ហើយចាំមើលប្រតិកម្មគាត់ថាម៉េច? ដល់ឥឡូវគាត់ប្តឹង ប្តឹងក៏ប្តឹងទៅមានអី ប៉ុន្តែផ្តាំមុនឲ្យហើយណា ទៅកុំសុំសិទ្ធិជ្រកកោននយោបាយ មានជាប់គុកជាប់ច្រវ៉ាក់អី តែក្រសួងប្តឹងជាប់គុកហើយ។ ហើយកុំយករឿងនឹងទៅសុំសិទ្ធិជ្រកកោនយោបាយ បើចង់ប្តឹងយើងនឹងប្តឹងតបទៅវិញ”។

សូមជម្រាបថា ក្រសួងមហាផ្ទៃបានបដិសេធចំពោះសំណើសុំចុះបញ្ជីគណបក្ស បេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ និងសម្រេចឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការស្រាវជ្រាវបុគ្គលដែលមានចេតនាទុច្ចរិត ក្នុងការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតស្នាមមេដៃឲ្យខូចគុណភាព។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យបង្កើត “គណបក្សបេះដូងជាតិ” បន្ទាប់ពីតំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានដាក់ពាក្យស្នើសុំបង្កើតកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×